ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់ថា មានពលករខ្មែរធ្វើការនៅកូរ៉េ សម្រុកមកខ្មែរដោយសារលង់ជឿ តាមបុគ្គលមួយរូបថា នឹងមានទឹកជំនន់លិចលង់ទូទាំងពិភពលោក លើកលែងតែប្រទេសខ្មែរនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវកុំឲ្យពួកគេ លង់ជឿនិងកុំត្រឡប់មកវិញ ដោយបោះបង់ចោលការងារ ដែលធ្វើឲ្យខាតបង់ប្រយោជន៍ ព្រោះគ្មានអ្វីកើតឡើងដូចបុគ្គលម្នាក់នោះ និយាយតែផ្តេសផ្តាសនោះទេ ។
លោក ហេង សួរ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នារាត្រីថ្ងៃ២៥ សីហាថា “ខ្ញុំសូមអំពាវនាវ ដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនា បែបអបិយ៍ជំនឿរបស់បុគ្គលមួយរូប។ ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ ទាំងតក់ត្រហល់គឺប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូល ដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន”។
លោកថា បើត្រឡប់មកវិញ គឺមិនអាចវិលទៅប្រទេសកូរ៉េវិញ បានឡើយ នៅពេលដែលភ្ញាក់ខ្លួនហើយ ចង់ទៅម្តងទៀត។
លោកបន្តទៀតថា ប្រសិនជាពិភពលោកនេះ នឹងជួបប្រទះគ្រោះមហន្តរាយ កើតទៅជាទឹកជំនន់ លិចលង់គ្រប់ប្រទេស ដូចបុគ្គលម្នាក់នោះនិយាយមែន អ្នកវិទ្យាសាស្ត្រពិតជាប្រកាសអាសន្ន ទូទាំងពិភពលោកហើយ ។ បើលិចលង់ពិភពលោកមែន មិនដែលនៅសល់តែដី ចំការរបស់បុគ្គលនោះទេ ប្រាកដជាលិចទាំងអស់។
លោក ហេង សួរបន្ថែមថា តាមទិន្នន័យព្យាករណ៍អាកាសធាតុ ដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដាន ការប្រែប្រួលបរិស្ថានអន្តរជាតិ គឺមិនមានទិន្នន័យណាមួយ បង្ហាញសញ្ញាថា នឹងមានគ្រោះធម្មជាតិ នៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ។
លោកសង្កត់ធ្ងន់ថា “បងប្អូនបានដឹងខ្លួនឯងច្បាស់ណាស់ថា បងប្អូនបានទៅដល់ប្រទេសកូរ៉េ គឺដោយសារជិះយន្តហោះ មិនមែនដោយសារបងប្អូន ដើរលើខ្នងរបស់ព្រះព្រហ្ម ឬជ្រែកតាមឆ្អឹងជំនី របស់បុគ្គលនោះទេ។ ហេតុដូច្នេះសូមបងប្អូនតាំងស្មារតី យកវិទ្យាសាស្ត្រជាគោល ហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញ។ សូមបងប្អូនចូលធ្វើការជាធម្មតា និងមានអារម្មណ៍ហ្នឹងហ្នរឡើងវិញ” ។
តាមការចែកចាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គមគឺថា ក្នុងសប្តាហ៍នេះ មានពលករខ្មែរនៅកូរ៉េ ប្រមាណជា១ពាន់នាក់ សម្រុកចាក់ចេញយ៉ាងតក់ក្រហល់ មកស្រុកកំណើតវិញ ដោយអ្នកខ្លះ មិនទាន់ដាច់កិច្ចសន្យាការងារ ខ្លះទៀតសុខចិត្ត មិនទូទាត់លុយបំណាច់ឆ្នាំ ។ ការចាក់ចេញនេះដែរ ធ្វើឲ្យភ្ញាក់ផ្អើល ដល់ស្ថាប័ននានានៅកូរ៉េ។ ក្នុងនោះថៅកែមួយចំនួន បានដាក់ពាក្យបណ្តឹងមកស្ថាប័នពាក់ព័ន្ធ ដោយសារកន្លែងការងារខ្លះ មានពលករឈប់ច្រើននាក់ ធ្វើឲ្យបាត់បង់កម្លាំងការងារ ស្ទះការងារ៕