ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រសួង មិនដែលព្រងើយកន្ដើយ និងតែងតែគិតគូរយកចិត្តទុកដាក់ លើកកម្ពស់កិច្ចការពារសិទ្ធិស្ដ្រី ដោយគ្មានរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬស្ថានភាពនយោបាយអ្វីឡើយ ។
ការលើកឡើងរបស់ ក្រសួងកិច្ចការនារី ក្រោយពី មានក្រុមយុវជនមួយក្ដាប់តូចបានមករៀបចំឈុត ឆាកសំដែង នៅខាងមុខទីស្តីការក្រសួងកិច្ចការនារី និងបានប្រើប្រាស់សារព័ត៌មាន និងបណ្តាញសង្គម ដើម្បីឃោសនាបំភ្លើសបំភ្លៃ ទៅលើសកម្មភាព របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី អត់យកចិត្តទុកដាក់លើស្រ្តី ។
យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ក្រសួងកិច្ចការនារី នាថ្ងៃទី២៦ សីហា បដិសេធទាំងស្រុង លើការចោទប្រកាន់ ពីសំណាក់បុគ្គល មួយក្ដាប់តូច មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ជាពិសេសការ សំដែងឈុតឆាក នៅខាងមុខ ក្រសួងកាល ពីពេលថ្មីៗនេះ គឺប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ ញុះញង់បង្កឲ្យមានការភ័នច្រលំ ដល់សាធារណៈជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួង ។
ក្រសួងកិច្ចការនារី ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានខិតខំអនុវត្តការងារស្របតាម អាណត្តិ របស់ខ្លួនយ៉ាងសកម្ម សម្រេចបានសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងកិច្ចការពារសិទ្ធិស្ត្រី និងក្មេងស្រីនៅកម្ពុជា ។
ក្រសួងកិច្ចការនារី បញ្ជាក់ថា «ក្រសួងមិនដែលព្រងើយ កន្តើយ និងតែងតែគិតគូរ យកចិត្តទុកដាក់លើលើកកម្ពស់កិច្ច ការពារសិទ្ធិស្ត្រី ផ្តល់កិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រ សេវាដល់ស្ត្រី និងក្មេងស្រីដែលទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ គ្រប់ស្រទាប់វណ្ណៈ ដោយគ្មានរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬស្ថានភាពនយោបាយអ្វីឡើយ»។
ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី ច្រានចោល និងបដិសេធដាច់អង្គការ លើការចោទប្រកាន់ពីសំណាក់ ក្រុមបុគ្គលមួយក្ដាប់តូច មកលើអាជ្ញាធរ មានសមត្ថកិច្ច និងក្រសួង និងអំពាវនាវដល់សាធារណៈ កុំជឿលើការឃោសនាអកុសល មូលបង្កាច់ ញុះញង់ទាំងនេះ៕