ព័ត៌មានជាតិ

កម្មករនិយោជិតជាង ៩២ម៉ឺននាក់ ទទួលការយល់ដឹង អំពីការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈ ប.ស.ស.

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមការងារ ត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានឱ្យដឹងថា តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដល់បងប្អូនកម្មករនិយោជិតមួយរយៈពេលកន្លងមកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។

បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៩២ម៉ឺននាក់ ស្មើនឹង ២ ១៦៤លើក បានចូលរួមឈ្វេងយល់ស្តីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន  តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន  នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់ប.ស.ស.៕

To Top