ព័ត៌មានជាតិ

អាជ្ញាធរឲ្យ លោក ខឹម វាសនា រំសាយការជួបជុំ ក្រោយលោក ហ៊ុន ម៉ានិត និងលោក ទៀ សីហាចុះជួបផ្ទាល់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅជួបលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ដោយមានជំនឿ ទៅលើលោក ខឹម វាសនា បានតាំងខ្លួនជាតួអង្គព្រហ្ម(ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុស បំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដីលិចលង់ទូទាំងពិភពលោក ក្នុងពេលឆាប់ៗនេះ ដោយឲ្យពលរដ្ឋនាំគ្នាប្រញាប់រត់មកជ្រកកោន នៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)ទើបអាចរួចគ្រោះបាន។ នេះបើតាមAKP

ក្នុងជំនួបនោះលោក ទៀ សីហា បានឲ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នាហើយត្រូវរួមគ្នាថែទាំសុមាលភាពរបស់ប្រជាពលរដ្ឋ ធ្វើអនាម័យ ហូបចុក និងថែរក្សាសុវត្ថិភាព។ ពាក់ព័ន្ធការរំសាយការជួបជុំនេះ លោក ខឹម វាសនា សុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយចំពោះការថែទាំសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកបានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរខេត្ត។

លោកអភិបាលខេត្តបន្តថា ចំពោះការសុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមិនទាន់ឯកភាព យ៉ាងណានោះទេ តែជាចំបង គឺសុំឲ្យមានកម្លាំងការពារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខាភិបាល ។

បន្ថែមពីលើនេះ អាជ្ញាធរខេត្តបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះធ្វើឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។

អភិបាលខេត្ត ក៏បញ្ជាក់ និងឲ្យពលរដ្ឋ កុំច្រលំថាមកចូលរួមអាចបានដីនៅរុនតាឯក។ ដោយឡែកប្រជាពលរដ្ឋដែលមកដល់ទីនេះ ភាគមកពីបណ្តាខេត្តផ្សេងៗជាលក្ខណៈគ្រួសារដោយមានទាំងក្មេងតូចៗផង រួមទាំងមានចានឆ្នាំង មុង ភួយ កន្ទេល ខ្នើយ និងរបស់របរប្រើប្រាស់ផ្សេងៗផង សរុបជាង ១៥ ០០០នាក់៕

To Top