ព័ត៌មានជាតិ

ចលនាមហាជនCPP ជួបជុំស្តាប់សភាពការណ៍ ដើម្បីគ្រប់គ្រងសមរភូមិសតិអារម្មណ៍ មហាជនយកឈ្នះការបោះឆ្នោតខាងមុខ (Video)

ភ្នំពេញ៖ អគ្គលេខាធិការគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា(CPP)ជួបប្រជុំជាមួយក្បាលម៉ាស៊ីន គណៈចលនាមហាជនខេត្តបន្ទាយមានជ័យដើម្បីគ្រប់គ្រងសមរភូមិ សតិអារម្មណ៍មហាជនយកឈ្នះការបោះឆ្នោត តំណាងរាស្ត្រខាងមុខ។

នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ លោក​ ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ គណៈចលនាមហាជនខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះដែលរួមមានថ្នាក់ក្រុង-ស្រុក និង ឃុំ-សង្កាត់ និងអង្គភាពប្រចាំ អង្គការ សមាគមជុំវិញ ចំនួន ៦០០ នាក់។

 កម្មវិធីសំណេះសំណាលនារសៀលនេះ ត្រូវបានរៀបចំឡើងដើម្បីជាធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ចទូទៅជូនដល់ក្បាលម៉ាស៊ីនដឹកនាំការងារចលនាមហាជនរបស់គណបក្ស សំដៅគ្រប់គ្រងសមរភូមិសតិអារម្មណ៍មហាជនធានាប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ។

យោងរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ គណៈចលនាមហាជនខេត្ត បានរៀបចំ បំពេញបន្ថែមសមាសភាពគណៈចលនាមហាជន ក្រុង-ស្រុក និងឃុំ-សង្កាត់ បានរួចជាស្ថាពរ ហើយបានបំពេញតួនាទី ភារកិច្ចដែលថ្នាក់កណ្តាលបានដាក់ចេញលើការដឹកនាំការងារសតិអារម្មណ៍មហាជនគ្រប់ស្រទាប់ រហូតរួមចំណែកដល់ជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលកន្លងទៅប្រកបដោយក្តីមោទនៈ។ ទន្ទឹមជាមួយគ្នានេះ គណៈចលនាមហាជនក៏បានដកស្រង់បទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈម ព្រមទាំងបានដាក់ចេញនូវទិសដៅការងាររបស់ខ្លួនឆ្ពោះទៅមុខ សម្រាប់ជ័យជំនះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី លោក​ ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស  សម្តេច និងលោកស្រី​អនុប្រធាន ព្រមទាំងលោកប្រធានគណៈចលនាមហាជនជូនដល់ អស់លោក លោកស្រី ថ្នាក់ដឹកនាំគណៈចលនាមហាជនគ្រប់រចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនស្របតាមការចាត់តាំង និងភារកិច្ចដែលថ្នាក់កណ្តាលដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ជាក់ស្តែងលទ្ធផលគួជាទីមោទនៈនៃការបោះឆ្នោតកន្លងទៅ សរបញ្ជាក់ពីការរួមចំណែកមិនអាចប្រកែកបាននៃការងារចលនាមហាជន។ 

 លោកអគ្គលេខាធិការបានធ្វើការលើកទឹកចិត្តដល់រចនាសម្ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងបន្តថែមទៀត ជាពិសេសត្រូវក្តាប់ឱ្យណែននូវវឌ្ឍភាពថ្មីៗនៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចដើម្បីធ្វើការផ្សព្វផ្សាយ បញ្រ្ជាបទៅក្នុងស្រទាប់មហាជនគ្រប់មជ្ឈដ្ឋានឱ្យបានទាន់សភាពការណ៍។

សូមបញ្ជាក់ថា ក្នុងបេសកកម្មចុះជួបរចនាសម្ព័ន្ធគណៈចលនាមហាជនតាមបណ្តារាជធានី-ខេត្ត អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ដឹកនាំដោយ លោក ហ៊ុន ម៉ានី បានចុះជួបក្បាលម៉ាស៊ីនដឹកនាំគណៈចលនាមហាជនថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់បានចំនួន ៨ រាជធានី-ខេត្តរួចមកហើយ ដែលនេះជាជុំទី៣ សម្រាប់គណៈប្រតិភូផងដែរ៕

To Top