ភ្នំពេញ ៖ ជនជាតិថៃចំនួន៨នាក់ ត្រូវបានអន្តរាគមន៍ជួយសង្គ្រោះតាមការស្នើសុំរបស់អនុព័ន្ធប៉ូលីសអមស្ថានទូតថៃប្រចាំនៅកម្ពុជា មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃ២៨ សីហា ។

ក្នុងចំណោមទាំង៨រូបនោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃចំនួន១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន៧នាក់។
តាមគោលការណ៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ បញ្ជូនជនជាតិថៃទាំង៨នាក់ ទៅប្រគល់ជូននគរបាលអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីប្រគល់ជូនភាគីថៃ។ ប៉ុន្តែដោយសារក្នុងចំណោមជនជាតិថៃចំនួន៨នាក់ មាន៤នាក់ បានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ភាគីថៃបានស្នើសុំឲ្យកងរាជអាវុធហត្ថ ជួយថែទាំនិងព្យាបាលជនជាតិចំនួន៤នាក់នោះសិន ពេលជាសះស្បើយជំងឺកូវីដ១៩ ទើបភាគីថៃទទួលយកទៅប្រទេសថៃវិញ។

ចំណែក ជនជាតិថៃ៤នាក់ទៀតដែលមិនមានជំងឺកូវីដ១៩ ត្រូវបានភាគីថៃទទួលយកទៅវិញ ៕
