ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។
លោក សុខ ឥសាន លើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ២៨ សីហាថា “ក្រុមឧទ្ទាមក្រៅច្បាប់ធ្វើ វេទិកាសាធារណៈ នៅក្រុងឡូវែល សហរដ្ឋអាមេរិក មានមនុស្សចូលរួមប្រហែល ៣០នាក់ ដែលនេះជាវេទិកា បម្រើឧបាយកលថ្មីរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា”។
លោកបន្តថា ដូច្នេះគ្រប់សកម្មភាព របស់អតីតបក្សប្រឆាំង ត្រូវបានរំលាយចោល ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រាន់តែស្ថិតនៅក្នុងអារម្មណ៍ របស់ក្រុមឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ គ្មានយកអ្វីជាបានការនោះទេ ។
កាលពីថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបានចូលរួមដង្ហែក្បួន បាតុកម្មដាក់ញត្តិនៅសាលាក្រុងឡូវែល ដើម្បីទាមទារឲ្យដោះលែង កញ្ញា សេង ធារី និងសកម្មជននយោបាយទាំងអស់ ក្នុងពន្ធនាគារនៅកម្ពុជា ។ នេះបើតាមហ្វេសប៊ុករបស់លោក គង់ សុភា ជាមនុស្សជំនិតលោក សម រង្ស៊ី។
ពាក់ព័ន្ធនឹងករណីកញ្ញា សេង ធារីនេះដែរ តាមរយៈមេធាវីការពារក្តីឲ្យកញ្ញា គឺលោក ជូង ជូងី បានដាក់លិខិតស្នើសុំទៅសាលាឧទ្ធរណ៍ ជំទាស់ទៅនឹងសាលដីការបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅដាក់ពន្ធនាគារនៅខេត្តព្រះវិហារ មកដាក់ពន្ធនាគារនៅព្រៃសវិញ ដើម្បីងាយស្រួលឲ្យសាច់ញាតិ និងមិត្តបានទៅសួរសុខទុក្ខ ព្រោះមានទីតាំងជិត មិនឆ្ងាយដូចនៅព្រះវិហារ ។
កញ្ញា សេង ធារី ត្រូវបានតុលាការសម្រេចបញ្ជូន ទៅដាក់ពន្ធនាគារកាលពីអំឡុងខែមិថុនា ឆ្នាំ២០២២នេះ ដោយសារជាប់ពាក់ព័ន្ធ សំណុំរឿងក្បត់ជាតិ ជាមួយលោក សម រង្ស៊ី ក្នុងដំណើរមាតុភូមិនិវត្តន៍លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕