ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្ត ដែលទទួលស្គាល់ ដោយក្រសួង

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ជូនដល់ជនបរទេស អន្តោប្រវេសន្ត រស់នៅប្រទេសកម្ពុជា ដែលបានទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ បម្រើជីវភាពប្រចាំថ្ងៃ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា «អនុវត្តតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ជូនដល់ជនបរទេស អន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាស របស់ក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ បម្រើជីវភាពប្រចាំថ្ងៃ ដូចជា៖ ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ជនបរទេស»។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញ លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋាន ឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេស អន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃ ប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួង បានចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។ សេចក្ដីណែនាំនេះ ត្រូវបាន ផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែក្រសួងមហាផ្ទៃ បានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុង ការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។

អក្រសួងមហាផ្ទៃ បានជូនដំណឹង ដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា សេចក្តីជូនដំណឹងនេះ នឹងទទួលបាននូវការជ្រួតជ្រាបជាផ្លូវការ៕

To Top