នយោបាយ

វិទ្យុអាស៊ីសេរី ជាអ្នកបំរើឱ្យនយោបាយ បដិវត្តន៍ពណ៌ និងក្រុមឧទ្ទាម រត់ចោលស្រុក សាបព្រួស ភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា (Video)

ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ភាសាខ្មែរ មួយរូបដែលធ្លាប់បំរើការ នាដើមទសវត្សរ៍ឆ្នាំ២០០០ បានលើកឡើងថា វិទ្យុអាស៊ីសេរី បច្ចុប្បន្ន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មាន ចរិត្តបំរើនយោបាយបដិវត្តន៍ពណ៍ និងគាំទ្រក្រុមឧទ្ទាមរត់ចោលស្រុក ហើយសាបព្រួសភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ដោយធ្វើការអស់រយៈពេលជាច្រើនឆ្នាំ អតីតបុគ្គលិករូបនេះ បានលើកឡើងថា ដើមឡើយវិទ្យុអាស៊ីសេរី ពិតជាបានបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ប្រកបដោយវិជ្ជាវីវៈ ល្អគ្រាន់បើ ដោយធ្វើអត្ថបទព័ត៌មានពីការពិត និងផ្សាយប្រកបដោយតុល្យភាពដំណឹង។ តុល្យភាពដំណឹង គឺសំដៅទៅដល់ការសម្ភាសន៍ ឱ្យបានគ្រប់ជ្រុងជ្រោយ ឧទាហរណ៍ ការផ្សាយពីរឿងដីធ្លី គឺចាំបាច់ត្រូវតែសម្ភាសន៍ ឱ្យបានគ្រប់ភាគី ពាក់ព័ន្ធ មុននឹងផ្សាយ តួយ៉ាង សម្ភាសន៍ ប្រជាពលរដ្ឋដែលរងគ្រោះ ក្រុមហ៊ុន អង្គការសង្គមស៊ីវិល និងអាជ្ញាធរ ជាដើម។ ប៉ុន្តែអ្វីៗ វាប្រែក្លាយបន្តិចម្តងៗ ទៅតាមការវិវត្តន៍នៃសភាពការណ៍នយោបាយអន្តរជាតិ និងក្នុងប្រទេស។

អតីតបុគ្គលិក ដែលមជ្ឈមណ្ឌលព័ត៌មាន ជួបសម្ភាសន៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសូមដាក់ឈ្មោះក្រៅថា “តារា” បានឱ្យដឹងថា អ្វីដែលវិទ្យុអាស៊ីសេរី ផ្សាយសព្វថ្ងៃ លែងជាព័ត៌មានវិជ្ជាវីវៈសារព័ត៌មាន ដូចមុនទៀតហើយ ផ្ទុយទៅវិញ គឺបង្ហាញ ពីអត្ថបទទស្សនៈនយោបាយ។ទស្សនៈនយោបាយ ជះភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា។ ពូកគេមិនដែលផ្សាយការលទ្ធផល ជាផ្លែផ្ការបស់រាជរដ្ឋាភិបាលម្តងណាឡើយ ទោះបីជារាជរដ្ឋាភិបាល ធ្វើបានល្អត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មិនផ្សាយដែរ ហើយបើផ្សាយ គឺផ្សាយមូលបង្កាច់ ដោយមិនមានហេតុផល ពោលគឺប្រឌិតព័ត៌មាន ព័ត៌មានក្លែងក្លាយ ដើម្បីឱ្យឃើញថា អ្វីៗជាកំហុសរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច ដោយមិនបង្អង់ដៃ នោះឡើយ។

លោក តារា បន្ថែមថា “អ្វីៗដែលអាស៊ីសេរី កំពុងធ្វើគឺជារបៀបឃោសនា ឱ្យក្រុមពួកឧទ្ទាមមួយក្រុម (ដែលកំពុងរត់ចោលស្រុក)។ អាស៊ីសេរី ក្លាយជាប្រព័ន្ធផ្សព្វផ្សាយមួយ បំរើឱ្យបដិវត្តន៍ពណ៌ ឱ្យក្រុម បរទេសណាមួយ ដែលបរទេសនោះ ហាក់ដូចជាជួយពន្យុះនៅពីក្រោយខ្នង ដោយបន្តបន្តុះបង្អាប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានឃើញបដិវិត្តន៍ពណ៌ នៅស៊ីរី និងលីប៊ីជាដើម”។

វិទ្យុអាស៊ីសេរី ត្រូវបានគេដឹងថា បានបំបែកធាតុ ពីវិទ្យុអឺរ៉ុបសេរី ដែលវិទ្យុអឺរ៉ុបសេរី មានសេណារីយ៉ូ ច្បាស់លាស់ ក្នុងការកំទេចឥទ្ធិពលអតីតសភាពសូវៀត នៅក្នុងសម័យសង្រ្គាមត្រជាក់៕

To Top