ព័ត៌មានជាតិ

ខួបមួយឆ្នាំនៃការដក កងទ័ពអាមេរិកចេញ ពីអាហ្វហ្កានីស្ថាន៖ មេរៀនដែលទទួលបាន 

គិតមកដល់ខែសីហា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍សោកនាដកម្មដ៏គួរឲ្យសង្វេគនិងតក់ស្លុត ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល បានកន្លងផុតទៅអស់រយៈពេលមួយឆ្នាំហើយ។ យើងអាចចងចាំយ៉ាងច្បាស់ នូវរូបភាពហ្វូងប្រជាជនអាហ្វហ្កានីស្ថានយ៉ាង ច្រើនណែនណាន់តាន់តាប់ប្រជ្រៀតដណ្ដើមគ្នាចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុលដើម្បីព្យាយាមភៀសខ្លួនចេញពីអាហ្វហ្កានីស្ថានតាមយន្តហោះ របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដោយអ្នកខ្លះបានព្យាយាម រត់ដេញតាមនិងតោងជិះយន្តហោះទ័ពអាកាស សហរដ្ឋអាមេរិកដែលកំពុងរត់ហោះឡើងទៅលើអាកាស ហើយបានធ្លាក់ស្លាប់គួរឲ្យរន្ធត់។

មហន្តរាយភូមិសាស្រ្តនយោបាយមួយដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជារលុបបាត់ចេញពីចំណងជើងអត្ថបទសារព័ត៌មាននានា ដោយចំណាប់អារម្មណ៍របស់ពិភពលោកហាក់ដូចជាត្រូវបានបង្វែរទៅកាន់សង្គ្រាមនៅអ៊ុយក្រែនវិញ ដែលសង្គ្រាមនេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក៏មានចំណែកពាក់ព័ន្ធយ៉ាងធំផងដែរ។ ចំណាប់អារម្មណ៍របស់ពិភពលោកចំពោះព្រឹត្តិការណ៍នៅទីក្រុងកាប៊ុលកាលពីឆ្នាំកន្លងទៅ ហាក់ដូចជាថមថយទៅតាមពេលវេលា ប៉ុន្តែជាក់ស្ដែង ទុក្ខវេទនារបស់ប្រជាជនស៊ីវិលអាហ្វហ្កានីស្ថាន មិនបានថមថយទៅតាមពេលវេលានោះឡើយ តែផ្ទុយទៅវិញ កំពុងកើនឡើងកាន់តែធ្ងន់ធ្ងរ។

នាពេលបច្ចុប្បន្ននេះ ប្រហែល៧០%នៃគ្រួសារប្រជាជនអាហ្វហ្កានីស្ថាន ពុំមានលទ្ធភាពអាចរកបាននូវវត្ថុចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនោះឡើយ ហើយប្រជាជនអាហ្វហ្កានីស្ថានចំនួនជិត២៣លាននាក់ (ដែលមានចំនួនជាងពាក់កណ្ដាលនៃប្រជាជនសរុប) កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ ទន្ទឹមនឹងនេះ កុមារអាហ្វហ្កានីស្ថានប្រហែល៣លាននាក់កំពុងប្រឈមនឹងកង្វះជីវជាតិធ្ងន់ធ្ងរ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរដ្ឋាភិបាលរបស់ក្រុមតាលីបង់ រឹតតែបន្ថែមទម្ងន់ទុក្ខវេទនាទៅលើប្រជាជនស៊ីវិលអាហ្វហ្កានីស្ថាន។

យើងក៏អាចនិយាយបានថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ជំពាក់កាតព្វកិច្ចសីលធម៌និងមនុស្សធម៌ក្នុងការជួយសម្រាលទុក្ខវេទនារបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលធ្លាប់ផ្ញើក្ដីសង្ឃឹមនិងជោគវាសនារបស់ខ្លួនលើសហរដ្ឋអាមេរិក។ ការកៀបសង្កត់និងដាក់សម្ពាធលើក្រុមតាលីបង់ មិនផ្ដល់ផលល្អចំពោះសហរដ្ឋអាមេរិកខ្លួនឯង និងប្រជាជនអាហ្វហ្កានីស្ថាន នោះឡើយ។ ជាការពិត យើងត្រូវទទួលស្គាល់ថា នាពេលបច្ចុប្បន ក្រុមតាលីបង់ គឺជាអ្នកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ហើយពុំមានកម្លាំងណាមួយ មានសមត្ថភាពគ្រប់គ្រាន់អាចបណ្ដេញក្រុមតាលីបង់ចេញពីអំណាចនោះឡើយ។

សហរដ្ឋអាមេរិក គួរប្រើប្រាស់ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចដែលខ្លួនមាន ជំរុញឲ្យក្រុមតាលីបង់ងាកទៅអនុវត្តគោលនយោយបាយត្រឹមត្រូវដែលនឹងជួយកែលម្អស្ថានភាពរស់នៅរបស់ប្រជាជនអាហ្វហ្កានីស្ថាន និងបង្កើនសន្តិសុខរបស់សហរដ្ឋអាមេរិក តាមរយៈការមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមណាមួយប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ធ្វើជាមូលដ្ឋានសម្រាប់ធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ និយាយម្យ៉ាងទៀត ការធ្វើឲ្យឯកោនិងទណ្ឌកម្ម ដែលជាវិធីសាស្រ្តដ៏ពេញនិយមរបស់បស្ចិមលោក មិនត្រឹមតែមិនអាចយកមកដោះស្រាយគ្រប់បញ្ហានោះទេ ក៏ប៉ុន្តែវិធីសាស្រ្តទាំងនេះថែមទាំងធ្វើឲ្យប្រជាជនដែលគ្មានកំហុសកាន់តែរងទុក្ខវេទនាខ្លាំងជាងមុនថែមទៅទៀត។

ទន្ទឹមនឹងនេះ អ្វីដែលយើងអាចរៀនសូត្របានពីករណីអាហ្វហ្កានីស្ថាន គឺថាការកសាងប្រទេសមួយ ជាពិសេសប្រទេសក្រីក្រដែលញាំញីទៅដោយសង្គ្រាម ពុំអាចធ្វើឡើងដោយងាយស្រួលយ៉ាងឆាប់រហ័សនិងប្រកបដោយជោគជ័យនោះឡើយ។ សហរដ្ឋអាមេរិក តែងតែរិះគន់ប្រទេសកំពុងអភិវឌ្ឍន៍នានាចំពោះបញ្ហាអភិបាលកិច្ចទន់ខ្សោយ ជាពិសេសអំពើពុករលួយ និងកង្វះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅស្ទើរតែទាំងអស់របស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកខ្លួនឯងបានចំណាយពេលជិត២០ឆ្នាំ និងទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាងប្រទេសអាហ្វហ្កានីស្ថាន។ នណាក៏ដឹងដែរថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលគាំទ្រដោយអាមេរិក ពោរពេញទៅដោយអំពើពុករលួយ និងពុំបានអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អនោះឡើយ ដែលនេះគឺជាមូលហេតុដ៏ចម្បងមួយដែលនាំទៅដល់ការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលនេះ។

ករណីអាហ្វហ្កានីស្ថាន បានផ្ដល់ភ័ស្តុតាងបញ្ជាក់បន្ថែមថា ពុំមានជនបរទេសណាស្រឡាញ់ប្រទេសជាតិដទៃមួយខ្លាំងជាងជនជាតិរបស់ប្រទេសនោះខ្លួនឯង នោះឡើយ។ សហរដ្ឋអាមេរិក បានដឹងយ៉ាងច្បាស់ជាមុនរួចទៅហើយថាក្រោយការដកកងទ័ពរបស់ខ្លួន រដ្ឋាភិបាលអាហ្វហ្កានីស្ថានរបស់ប្រធានាធិបតីអាស្រាហ្វហ្កានី នឹងដួលរលំ គ្រាន់តែសហរដ្ឋអាមេរិក មិនគិតថាការដួលរលំនោះអាចនឹងកើតឡើងយ៉ាងឆាប់រហ័សហួសពីការស្មានបែបនោះ។

រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែយល់ឃើញថា ការសម្រេចចិត្តរបស់គាត់ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺត្រឹមត្រូវ។ ប្រាកដណាស់ ការសម្រេចចិត្តរបស់គាត់ គឺត្រឹមត្រូវសម្រាប់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងប្រជាជនអាមេរិក ក៏ប៉ុន្តែជនស៊ីវិលអាហ្វហ្កានីស្ថាន ជាពិសេសអ្នកដែលបានបម្រើការងារជាមួយនិងជួយដល់កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលបានផ្ញើក្ដីសង្ឃឹមនិងជោគវាសនាលើអាមេរិក មានអារម្មណ៍ថាខ្លួនចាញ់បោកអាមេរិកនិងត្រូវអាមេរិកក្បត់ ដោយត្រូវអាមេរិកបោះបង់ចោលដោយមិនស្ដាយស្រណោះក្បត់ពីគោលការណ៏សីលធម៌របស់មនុស្សជាតិ ។

ជាការពិត សហរដ្ឋអាមេរិក មិនអាចរក្សាវត្តមានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្កានីស្ថានជារៀងរហូតនោះឡើយ ក៏ប៉ុន្តែការដកកងទ័ព គួរតែត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ ដោយធានាថាប្រជាជនអាហ្វហ្កានីស្ថាននឹងមានសុវត្ថិភាព ក្រោយការដកកងទ័ព ។ សហរដ្ឋអាមេរិកគួរប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាធឲ្យក្រុមតាលីបង់ចូលរួមក្នុងការចរចារដោយឆន្ទៈពិតប្រាកដ និងសម្របសម្រួលដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយ និងបន្តរក្សាវត្តមានយោធារបស់ខ្លួន ដើម្បីធានានូវការអនុវត្តកិច្ចព្រមព្រៀងនោះ មុននឹងចាកចេញ។ ការចាកចេញដោយពុំមានការធានាច្បាស់លាស់នូវសុវត្ថិភាពរបស់ប្រជាជនអាហ្វហ្កានីស្ថាន គឺជាការចាកចេញដោយគ្មានទំនួលខុសត្រូវ ដោយអសីលធម៌និងអមនុស្សធម៌។

ជាងនេះទៅទៀត ករណីអាហ្វហ្កានីស្ថានក៏បង្ហាញផងដែរថា គេមិនអាចនាំយកលទ្ធិប្រជាធិបតេយ្យទៅផ្គុំដំឡើងឬបំពាក់ឲ្យប្រទេសផ្សេងមួយទៀតដោយបង្ខំនោះឡើយ ។ ការព្យាយាមបង្កើតនិងដាក់ឲ្យដំណើរការនូវស្ថាប័នដែលគេហៅថាស្ថាប័នប្រជាធិបតេយ្យ ដោយមិនខ្វល់អំពីបរិបទសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ មិនអាចទទួលបានជោគជ័យនោះឡើយ។ ប្រព័ន្ធប្រជាធិបតេយ្យបែបនេះ មានតែរូបឬសម្បក តែគ្មានព្រលឹង។ និយាយជារួម វាជាគំនិតខុសឆ្គងធ្ងន់ធ្ងរមួយដែលយល់ឃើញថា គេអាចចម្លងគំរូប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អមួយ យកទៅដាក់ឲ្យអនុវត្តប្រកដោយជោគជ័យនៅគ្រប់ទីកន្លែង ៕ ដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ

To Top