ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន ព្រមានជាថ្មីថា នឹងលុបអាជ្ញាបណ្ណ ប្រព័ន្ធផ្សព្វផ្សាយណា ប្រើពាក្យអសុរោះ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីម្តងទៀតថា ស្ថាបន័ព័ត៌មានណា ផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងនឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង គ្មានការលើកលែងនោះទេ។ នេះបើតាមការផ្សាយ របស់ក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណា ដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងនឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង ដោយគ្មានការយល់យោគឡើយ ។

ការប្រកាស របស់រដ្ឋមន្រ្តីនេះ បន្ទាប់ពីបានស្តាប់ប្រសាសន៍ ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

បន្ទាប់មកនៅថ្ងៃ២២ សីហា ក្រសួងព័ត៌មានបាន បិទចោលអាជ្ញាបណ្ណសារព័ត៌មានមួយ ឈ្មោះ SBT post ដែលគ្រប់គ្នាដឹងថា ជារបស់សាន្ត ប៊ុនធឿន ក្រោយបុគ្គលរូបនេះ បានឡាយផ្ទាល់ជេរគេ ជេរឯង គ្មានកោតក្រែងអ្វីសោះ។

បើតាមការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន គិតត្រឹម៨ខែ ឆ្នាំ២០២២នេះ ក្រសួងទើបតែលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ១ករណី នេះទេ ៕

To Top