ភ្នំពេញ ៖ គណៈប្រតិសភាកម្ពុជា-អាមេរិក បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាស ដែលកំពុងមាន នាពេលបច្ចុប្បន្ន ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។
ការឯកភាពរវាងសភា ទាំង២ប្រទេសនេះ ធ្វើឡើងកាលពីថ្ងៃ២៩ សីហា ក្នុងជំនួបរវាងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងលោក ស្តេហ្វិន កូហិន (Stephen Cohen) សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណឺស៊ី និងគណៈប្រតិភូសមាជិក សភាអាមេរិក ជាតំណាងរាស្ត្រ គណបក្សសាធារណរដ្ឋ នៃ រដ្ឋវើជើនៀ, រដ្ឋតិចសាស់, និងរដ្ឋខេនសាស់។
ក្នុងជំនួបនោះ លោកស្រី ឃួន សុដារី បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ សមាជិកសភាអាមេរិកនេះ នឹងរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងស្ថាប័នទាំងពីរ។ លោកស្រីក៏បានលើកឡើង អំពីការអភិវឌ្ឍជាវិជ្ជមានមួយចំនួន នៅក្នុងទំនាក់ទំនងទ្វេភាគី របស់អាមេរិក-កម្ពុជា រួមមាន ទំហំពាណិជ្ជកម្ម ដែលក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២២ បានកើនឡើង ៥៦ភាគរយ ៕