ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមហ៊ុនអាមេរិក បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅកម្ពុជា ព្រោះកម្ពុជាមិនទាន់ មានក្រុមហ៊ុន វិនិយោគអាមេរិក មកបណ្តាក់ទុន លើវិស័យនេះឡើយ។
នាឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល លើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំខាន់ៗ រួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣ តាមស្តង់ដារអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិ នៅកោះកុង ដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច បន្ថែមទៀត។
លោកបញ្ជាក់ថា «ស្នើសុំឲ្យមានការចូលរួមពីក្រុមហ៊ុនអាមេរិក លើការបណ្ដាក់ទុន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយហេតុថា កន្លងមក កម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុន វិនិយោគរបស់សហរដ្ឋអាមេរិក មកបណ្តាក់ទុន លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើយទេ»។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីការខិតខំប្រឹងប្រែង ជំរុញការប្រើប្រាស់ យានយន្តអគ្គិសនី ឲ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោង ដំឡើងស្ថានីយបញ្ចូលថាមពល រថយន្តអគ្គិសនី នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជំរុញលើក ទឹកចិត្ត និងទាក់ទាញ ការចាប់អារម្មណ៍ ឲ្យមានការប្រើប្រាស់ យានយន្តអគ្គិសនី ពីសំណាក់សាធារណៈ ទូទៅ និងស្វែងរកកិច្ចសហការ ជាមួយក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនសហរដ្ឋអាមេរិក ដើម្បីជំរុញការ តំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីបានច្រើនថែមទៀត។
ជាមួយគ្នានោះដែរ គណៈប្រតិភូបានចាប់អារម្មណ៍ លើការរីកចម្រើនរបស់កម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបានរំពឹងទុកមុន អញ្ជើញមកដល់កម្ពុជា និងបានគូសបញ្ជាក់ អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និងថាមពល(LPNG) និងការវិនិយោគ លើវិស័យកំពង់ផែ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះ ក្រុមហ៊ុនធុរកិច្ចអាមេរិក ដែលមានបំណងចង់បណ្តាក់វិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួល ក្រុមហ៊ុនធុរកិច្ច សហអាមេរិក ដែលមកវិនិយោគ៕