ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសខ្មែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ បង្កើតតំបន់អបគមន៍ជាដាច់ខាត!
ការលើកឡើងពីសំណាក់ លោក សយ សុភាព បែបនេះធ្វើឡើង ស្របពេលដែល លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងឃោសនា បំផុសបំផុល ឱ្យប្រជាពលរដ្ឋ ដែលជឿ និងគាំទ្ររូបលោក ធ្វើដំណើរទៅកាន់ចំការ នៅឯ ជើងភ្នំគូលែន ដើម្បីកេចផុតពីគ្រោះទឹកជំនន់ លិចលង់ពិភពលោក។
តែទោះបីជាយ៉ាងណា ជុំវិញការឃោសនារបស់មេបក្សរូបនេះ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ឱសានុវាទ ឱ្យបញ្ឈប់សកម្មភាពប្រមូលផ្ដុំគ្នា នៅត្រឹមម៉ោង២៤:០០នាទី យប់នេះ ជាដាច់ខាត។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ប្រទេសខ្មែរមិនអនុញ្ញាតឱ្យនរណាម្នាក់ បង្កើតតំបន់អប្បគមន៍ជាដាច់ខាត!»។
លោកថា ទម្រាំបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ប្រទេសខ្មែរស្ទើរបាត់ពីផែនទី ប្រជារាស្ត្រខ្មែរ រាប់លាននាក់បានស្លាប់ រាប់លាន នាក់ទៀតរត់ចោលផ្ទះសម្បែង រីឯខ្មែរ រាប់លាននាក់ទៀតប្រឹងត្រដររស់ការពារទឹកដី។
ដូច្នេះជនឆ្កួតលីលាទាំងឡាយណាដែលប៉ុន ប៉ងបង្កើតចលាចល ឬ អប្បគមន៍ត្រូវតែបោសសំអាតទោះក្នុងរូបភាពណាក៏ដោយ។
ឆ្លៀងក្នុងឱកាសនេះ លោក សយ សុភាព បានប្រកាស គាំទ្រចំណាត់ការរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និង ការបន្តការពារ សន្តិភាពដែលមិនអាចខ្វះបាន។
លោក ក៏បានអំពាវនាវដល់បុគ្គល អគតិ ឬ អង្គការបក្ស មួយចំនួនតូចណានោះ ត្រូវតែគោរពដាច់ខាត ចំពោះច្បាប់ជាតិ រាជរដ្ឋាភិបាលដឹកនាំ ដោយរដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន៕