ព័ត៌មានជាតិ

សម្ដេចតេជោ ៖ អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺបង្ខំឲ្យរាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងចាប់ខ្លួនលោក (Video)

ភ្នំពេញ ៖ រឿងរ៉ាវរបស់លោក ខឹម វាសនា ដែលជាប្រមុខដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅកាត់ថា LDP កំពុងផ្ទុះដូចបាយពុះធ្វើឲ្យចលនាប្រជាពលរដ្ឋ ជាអ្នកគាំទ្រនាំគ្នាមករកលោកនៅលើភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរព្រមានជាច្រើនលើកជាច្រើនសារឲ្យរំសាយ ក៏លោកមិនព្រមនោះ ត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកឡើថា អ្វីដែលលោក ខឹម វាសនា ចង់បានគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងប្រដាប់អាវុធចាប់រូបលោក ហើយផ្ទេរពីរបៀបអបិយជំនឿ ចូលទៅផ្នែកនយោបាយ ដោយសារប្រមុខបក្ស LDPនេះ បានជេរប្រមាថសម្តេចនាយប់ថ្ងៃឱសានវាទពោល នាថ្ងៃ៣០ សីហា ចូល៣១សីហា ខណៈសម្ដេចប្រកាសថា មិនចូលអន្ទាក់របស់លោកខឹម វាសនាឡើយ។

មុនដល់ម៉ោងផុតឱសានវាទប៉ុន្មានម៉ោង ពោលគឺចប់ត្រឹមម៉ោង១២យប់ថ្ងៃ៣០សីហា ចូលថ្ងៃ៣១សីហា ត្រូវបញ្ចប់សកម្មភាពជួបជុំគ្នារបស់អ្នកគាំទ្រលោក ខឹម វាសនា តាមបញ្ជាអាជ្ញាធរ គឺលោក ខឹម វាសនា បានឡាយជេរប្រមាថមាក់ងាយមកលើសម្តេចតេជោ ប្រើពាក្យអសុរោះ ដោយភ្ជាប់ទៅនឹងការប្រើពាក្យពិការភាពមកលើសម្តេចយ៉ាងចាស់ ។ ក្នុងន័យនេះ សម្តេចថា ខឹម វាសនា មានបំណងចង់ឲ្យអាជ្ញាធរចាប់ខ្លួន ហើយចោទមកលើរាជរដ្ឋាភិបាល។

លោក ខឹម វាសនា កាលពីជាង១០ថ្ងៃមុន បានប្រកាសតាមបែបអបិយជំនឿថា ខ្លួនជាព្រះព្រហ្ម ដោយដឹងជាមុនអំពីអភូតហេតុមានជំនន់លិចលង់ទូទាំងពិភពលោក លើកលែងតែនៅលើដីចំការរបស់លោកនៅភ្នំគូលែនមួយទេដែលទឹកលិចមិនដល់ ។ លោកក៏បានរៀបចំការប្រមូលផ្ដុំ ដោយមានមនុស្សរាប់ម៉ឺននាក់មកជុំគ្នានៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម ដោយមានទាំងពលករខ្មែរនៅកូរ៉េខាងត្បូង ជប៉ុន និងថៃ បានផ្អាកការងារដោយសារជឿតាមការឃោសនាបែបអបិយជំនឿ ហើយនាំគ្នាមកស្រុកកំណើតវិញ ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញពីរបន្ថែមទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងសារសូមទោសទៅដល់រដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃដែលមានពលករខ្មែររត់មកស្រុកចោលការងារ ដោយសារការចាញ់បោក មេបក្សមួយគឺលោក ខឹម វាសនា ថាមានលិចលង់ នៅទូទាំងពិភពលោក លើកលែងតែនៅលើភ្នំគូលែន។ សម្តេច ក៏បានស្នើឲ្យថៅកែនៅប្រទេសទាំង៣ កុំប្តឹងផ្តល់ពលករខ្មែរ ព្រោះពួកគាត់ចាញ់បោកគេដែរ។

សម្ដេចតេជោបញ្ជាក់ថា «ឥឡូវខ្ញុំ គួរតែនិយាយទៅកាន់ឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជាបងប្អូនអ្នកដែលគាំទ្រខ្ញុំ ដែលយប់មិញនេះ បានបង្ហាញពីកំហឹងពុះកញ្ជ្រោល អំពីសារដ៏ធ្ងន់ធ្ងរដែលឯកឧត្ដម ខឹម វាសនា បានធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វ រហូតអាខ្វាក់ ប៉ុន្តែជាបន្ទាន់ខ្ញុំ បានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឲ្យសោះ»។

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរត្រូវមានការប្រុងខ្ពស់ចំពោះសាររបស់លោក ខឹម វាសនា ក្រោយប្រមាថលើរូបសម្ដេច។ សម្ដេចបន្ដថា អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំង ដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនលោកភ្លាម តែប្រសិនបើរាជរដ្ឋាភិបាល ធ្វើយ៉ាងដូច្នេះ គឺនឹងចូលអន្ទាក់របស់លោក ខឹម វាសនា ពិតប្រាកដ។ សម្ដេចថា «ធ្វើនយោបាយត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗឲ្យសោះ»។

សម្ដេចតេជោ ក៏បានប្រកាសដាក់ចេញវិធានការមួយចំនួន ក្រោយលោក ខឹម វាសនា ប្រមូលផ្ដុំមនុស្សនៅតំបន់ភ្នំគូលែន មានដូចជា៖ ទី១-ប្រុងប្រយ័ត្នការជ្រៀតចូលនៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។ សម្ដេច ក៏បានអំពាវនាវលោក ខឹម វាសនា បញ្ចប់រឿងអបិយជំនឿ ហើយកុំបង្ខាំងពលរដ្ឋ ដោយត្រូវដោះលែង ពួកគាត់ឲ្យមកស្រុកកំណើតវិញមក ដើម្បីប្រកបមុខរបបរកស៊ីវិញ។

សម្តេចក៏បានបញ្ជាឲ្យបញ្ចេញរថយន្តដឹកពលរដ្ឋនៅលើភ្នំគូលែន ទៅស្រុកកំណើតរៀងៗខ្លួនទាំង១៩រាជធានី-ខេត្ត ដើម្បីទៅជួបជុំក្រុមគ្រួសារវិញ ដោយសារមានគ្រួសារខ្លះប្តីប្រពន្ធនិងកូនបានខ្វែងគំនិតគ្នារឿងមកលោក ខឹម វាសនា ដោយលក់ទាំងផ្ទះ ដីធ្លីជាដើម។

ជុំវិញបញ្ហារឿងរបស់លោក ខឹម វាសនា ប្រមូលផ្ដុំ ឲមនុស្សរាប់ម៉ឺននាក់ នៅតំបន់ភ្នំគូលែន នោះ សម្ដេចតេជោ ក៏បានលើកឡើងទៀតថា មានអ្នកក្រុមជ្រុលនិយម បានចោទសម្ដេចថា ជាអ្នកបង្កើតព្រឹត្តិការណ៍នេះឡើយ ដើម្បីលុបបំបាច់រឿង លោក ហ៊ុន ម៉ាណែត ទៅវៀតណាម និងរឿងភ្នំតាម៉ៅ។

លើសពីនេះ សម្ដេច ក៏មិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿរបស់គាត់។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានថ្លែងថា ទោះបីយ៉ាងណាក៏ដោយ លោក ខឹម វាសនា មិនដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋមកផ្តួលរំលំរាជរដ្ឋាភិបាល ឬបង្វែចុងកាណុងមករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ ខុសពីមនុស្សមួយចំនួន៕

To Top