ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី សង្ឃឹមថា កូរ៉េ នឹងសាងសង់ស្ពាន​ មិត្តភាពកម្ពុជា-កូរ៉េ ឆាប់ៗនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា មិត្តកូរ៉េ នឹងបន្ដយកចិត្តទុកដាក់ លើការសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំ ក្នុងពេលឆាប់ខាងមុខនេះ ខណៈរាជធានីភ្នំពេញ មានតម្រូវការស្ពានឆ្លងកាត់ ទន្លេ៣កន្លែងទៀត។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួនពីរបន្ថែមទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោថ្លែងថា នៅរាជធានីភ្នំពេញ មានតម្រូវការចាំបាច់ស្ពាន រហូតដល់ ៣ទៀត ។ ស្ពានទី១ គឺកំពុងតែចរចាជាមួយមិត្តកូរ៉េ ភ្ជាប់ទីក្រុងភ្នំពេញ ជាមួយស្វាយជ្រុំ។ សម្ដេច រំលឹកថា សម្ដេចធ្លាប់ស្នើអតីតប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីន ដើម្បីឲ្យមានស្ពានឆ្លងពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ សង្ឃឹមថា មិត្តកូរ៉េរបស់យើង បន្ដការយកចិត្តទុកដាក់ ជួយមកដល់យើងសម្រាប់ការកសាងស្ពាននោះ ដែលនឹងប្រសិទ្ធនាមថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ»។

សម្ដេចតេជោបន្ដថា ដោយឡែកស្ពានទី២ គឺតភ្ជាប់ពីព្រែកតាកុយ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្លងទៅស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីជួយបញ្ចៀស ចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ។

សម្រាប់ស្ពានទី៣វិញ តភ្ជាប់ពីចាក់អង្រែ ទៅកាន់ព្រែកប្រានោះ សម្ដេចតេជោ បានឲ្យដឹងថា ប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ ខណៈគម្រោងនេះ មានតម្លៃជាង៦០លានដុល្លារ។ ចំពោះគម្រោងនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងចរចាជាមួយមិត្តចិន ដើម្បីស្នើឲ្យឲ្យកសាងស្ពាននេះ ផងដែរ។

សម្ដេចតេជោបន្ថែមថា គម្រោងស្ពាននេះមានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា៤គន្លង ២គន្លងទៅ និង ២គន្លងមក ដើម្បីកុំឲ្យស្ទះចរាចរណ៍នៅលើស្ពាន។ សម្ដេចថា ហេដ្ឋារចនាសម្ព័ន្ធជុំវិញទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន នឹងបញ្ចប់នាពេលឆាប់ៗនេះ ដើម្បីកាន់បន្ថយការស្ទះចរាចរណ៍ ៕

To Top