ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៣០ សីហា លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្ដែងនូវការ កោតសរសើរចំពោះសមត្ថភាព និងភាពឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងការប្រឈមមុខដោះស្រាយបញ្ហាតំបន់ និងសាកល ដែលកំពុងកើតមាន។
ក្នុងជំនួបនេះ លោក ផនខាំ វីផាវ៉ាន់ បានស្វាគមន៍ចំពោះការអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ របស់ លោក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយ នៃការអនុវត្តនូវការប្តេជ្ញាចិត្ត រួមរបស់ប្រទេស ទាំងពីរ ក្នុងការបន្តលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរីកចម្រើន ក្នុងក្របខ័ណ្ឌនៃ “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ជាពិសេស លោក នាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីទំនាក់ទំនង សាមគ្គីភាពដែលមានប្រវត្តិដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រ ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យបាន កាន់តែជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាង សំខាន់ក្នុងការ កសាងព្រំដែន មិត្តភាព សន្តិភាព និងវិបុលភាពរួម ជាពិសេសការបង្កលក្ខណៈដល់ តម្រូវការរបស់ប្រជាជន នៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរ សេដ្ឋកិច្ច និងសេវាសុខាភិបាល។
ថ្លែងចេញពីរដ្ឋធានីវៀងចន្ទន៍ លោកនាយករដ្ឋមន្ដ្រីឡាវរូបនេះ ក៏បានថ្លែងនូវ «ការអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវ»។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវលោកបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ នាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យតែស្អិតរមួត ដែលកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងតទៅអនាគត។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះ នាំជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកនាយករដ្ឋមន្ត្រីឡាវ និងចូលរួមអបអរសាទរ ចំពោះការភិវឌ្ឍ រីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ របស់ប្រទេសឡាវ ក្រោមការ ដឹកនាំរបស់បក្ស និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ព្រមជាមួយនឹងការអរគុណ ចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញ តួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕