ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តចំនួន ០៦ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១

កំពង់ចាម ៖ ខេត្តចំនួន ០៦ បានទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ ចម្ការមីន ដោយប្រើប្រាស់ ថវិកា ប្រមាណជាង ៥,៧ លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំ ចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ ។

នេះជាការលើកឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ចាម របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិស័យសកម្មភាពមីន នៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ចាមអស់មីន ដែលកិច្ចប្រជុំនេះ គឺជាការប្រកាសនូវយុទ្ធនាការ ចាប់ផ្តើមការងារបោសសម្អាតមីន នៅខេត្តកំពង់ចាម។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្ត អស់មីននាចុងឆ្នាំ២០២២ ដែលប្រតិបត្តិការបោសសម្អាត ដោយមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីន ៩៧៩.៥៨៦ ម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ០៤ រួមមាន ៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និង ស្រុកស្ទឹងត្រង់ ។ លោកបន្តទៀតថា ទោះបីជាវត្តមានគ្រាប់មីន ដែលយើងបានដឹង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះក៏ដោយ ប៉ុន្តែខេត្តកំពង់ចាម នៅបន្តរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិ ផ្ទុះពីសង្រ្គាមប្រមាណជាង ៦៨ គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់ ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ទាំងនេះ និងមានប្រុងប្រយ័ត្នខ្ពស់ ។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវទំនុកចិត្តដល់អាជ្ញាធរមីន ក្នុងការ ដឹកនាំ សម្របសម្រួល និងគ្រប់គ្រង នូវគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ដោយផ្ទាល់ ក្នុងនោះ អាជ្ញាធរមីន បានធ្វើការ សិក្សាតំបន់អាទិភាព និងវាយតម្លៃយ៉ាងច្បាស់លាស់ ដោយបានផ្តោត សំខាន់លើខេត្ត ស្រុក ក្រុងណា ដែលមិនមានការគាំទ្រ ពីសហគមន៍ផ្តល់ជំនួយ ជាពិសេសការជ្រើសរើស ប្រតិបត្តិករជាតិ ជាអ្នកបោសសម្អាត ដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ៕

To Top