ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកជាអគ្គ នាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យ ដឹង ថា រយៈពេល៨ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២៥០០លានដុល្លារ សហរដ្ឋអាមេរិក មានការកើនឡើង បើធៀប នឹងរយ:ពេលដូចគ្នាឆ្នាំ២០២១ ។ នេះបើយោងតាមការ ចុះផ្សាយរបស់ក្រសួងព័ត៌មាន។
លោក គង់ វិបុល បានបញ្ជាក់ថា ការប្រមូលពន្ធឆ្នាំនេះ មានភាពល្អប្រសើរ និងលើសពីផែនការ រហូតបានចំនួនជាង៣០០០លានដុល្លារអាមេរិក បន្ទាប់ពីនៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ត្រឹមតែ ២៨០០លានដុល្លារ ក្នុងមួយឆ្នាំ។
លោក មាន ប្រសាសន៍ថា ការប្រមូលពន្ធលើសផែនការនេះ គឺដោយ សារអនុវត្ដតាមយុទ្ធសាស្រ្ដ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ ប្រព័ន្ធពន្ធដារ សម្រាប់បង្កលក្ខណ: ងាយស្រួល ចំពោះការបង់ពន្ធ មានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព១០០ភាគរយ។
លោក បញ្ជាក់ថា ការកំណែទម្រង់ផ្នែកប្រព័ន្ធពន្ធដារនេះ គឺជាង៩០ ភាគរយ ក្នុងចំណាត់ថ្នាក់លេខ១ ដែលឈានមុខគេក្នុងវិស័យផ្សេងៗផងដែរ៕