ព័ត៌មានជាតិ

សន្ទុះនៃយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន មកដល់ទឹកដីនៃខេត្តឧត្តរមានជ័យហើយ

ឧត្តរមានជ័យ៖ បន្ទាប់ពីបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តព្រះវិហារ នាព្រឹកមិញនេះរួច  នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះដដែល លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញបន្ដបើកយុទ្ធនាការ ផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដែលមានការផ្ដល់កិត្តិយស ជាសហធីបតីភាពពីសំណាក់ លោកស្តី មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងមានការចូលរួមពីតំណាងមន្ទីរ ស្ថាប័ន  អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជាង ៣០០នាក់ នៅសាលសាលាខេត្តឧត្តរមានជ័យ។

ក្នុងឱកាសបើកយុទ្ធនាការនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ កន្លងមក ប.ស.ស. បានធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នៅតាមបណ្ដាខេត្តផ្សេងៗជាច្រើនរួចមកហើយ។ ជំហានបន្ទាប់ ប.ស.ស. នឹងបន្ដការចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានគ្រប់បណ្ដារាជធានី-ខេត្ត ទៅតាមផែនការដែលបានគ្រោងទុក ដើម្បីធ្វើការបញ្រា្ជបការយល់ដឹង អំពីអត្ថប្រយោជន៍ និងកាតព្វកិច្ច នៃការចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។

លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា៖ យុទ្ធនាការផ្សព្វផ្សាយនាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បញ្ជ្រាបចំណេះដឹង របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ  គឺជាការគិតគូរមួយដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងបង្កើតឡើងសម្រាប់បងប្អូនវិស័យឯកជននេះផ្ទាល់តែម្ដង ហើយនេះក៏ជាជំហានមួយឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា ដែលជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលដែលប្រជាពលរដ្ឋ ចូលដល់វ័យចាស់ជរា។

ក្នុងឱកាសជាមួយគ្នានេះ លោកស្រី មុំ ពុទ្ធីតា អភិបាលរង នៃគណអភិបាលខេត្តឧត្តរមានជ័យ  បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។

ទន្ទឹមជាមួយគ្នានេះ លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  ក៏បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធមួយបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយការទុកចិត្ត  និងការពេញចិត្ត ព្រោះជាប្រយោជន៍ផ្ទាល់ខ្លួនពេលដែលបងប្អូន ឈានចូលវ័យចាស់ប្រកបមុខរបរការងារលែងបាន៕

To Top