ពោធិសាត់: ក្មេងទំនើងជិះម៉ូដាក់កាំបិតផ្គាក់តាមខ្លួន ២ នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណៈកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតនៅតាមមូលដ្ឋាន ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។
បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះលន វិច្ឆិកា ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ និង ឈ្មោះភណ្ឌ ផារីន ភេទប្រុសអាយុ ១៩ ឆ្នាំរស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុបាកាន ខេត្តពោធិសាត់។
របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ជនសង្ស័យ ២ នាក់រួមនិងវត្ថុតាងមានកាំបិតផ្គាក់ចំនួន ២ ដើម ដាវចំនួន១ដើម និង ម៉ូតូ ចំនួន២ គ្រឿងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន។
គួរកត់សំគាល់ថា នៅប៉ុន្មានខែចុងក្រោយនេះ សកម្មភាពក្មេងទំនើង បញ្ហាចោរឆក់ ចោរលួច លួចដោយប្រើហឹង្សា បញ្ហាល្បែងស៊ីសង បៀរ អាប៉ោង ឆ្នោត និង មាន់ជុលនៅតាមមូលដ្ឋានគឺនៅតែបន្តកើតមាន ជាហូរហែរបើទោះបីជាមានការបង្ក្រាបពីសំណាក់ កម្លាំងសមត្ថកិច្ចយ៉ាងណាក្តី៕