ភ្នំពេញ៖ មនុស្ស ៦នាក់ បានចេញមុខសារភាពកំហុសថា ខ្លួនពិតជាធ្វើសកម្មភាព ចលនាកៀរគរប្រមូលផ្តុំ ប្រជាពលរដ្ឋទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។

ក្នុងកិច្ចសន្យាជាមួយអាជ្ញាធរ នាថ្ងៃទី៣១ សីហាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះ ក្នុងតេឡេក្រាម គឺអ្នកទាំង៦រូប បានសារភាពថា «យើង ខ្ញុំសូមទទួលស្គាល់ថា ពិតជាមានកំហុស ដែលបានគៀរគរ ប្រមូលផ្ដុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតា និង ២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប»។
ក្នុងកិច្ចសន្យាដដែល អ្នកទាំង ៦នាក់ ក៏បានប្រកាសបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះ បន្តរស់នៅតទៅទៀតហើយ។ ចំណែកជម្រក និងរោងខុសច្បាប់ ដែលបានសង់រួចហើយ ក៏ត្រូវរុះរើចេញផងដែរ ក្នុងករណីសាងសង់ថ្មី ត្រូវតែសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរឱ្យបានត្រឹមត្រូវ។

សូមរំលឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានរៀបចំការប្រមូលផ្ដុំ មនុស្សរាប់ម៉ឺននាក់ នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិ មានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។

សូមបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញពីរបន្ថែមទៀត កាលពីថ្ងៃទី៣១ សីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ប្រផ្ដុំគ្នានៅចម្ការ លោក ខឹម វាសនា រំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយមានទាំងរថយន្ត ដឹកទៅដល់ផ្ទះរឿងៗខ្លួនទៀតផង ៕






