ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ បើកមុខទឹក សង្គ្រោះស្រូវ ប្រជាពលរដ្ឋ៣១ ហិចតា ក្នុងឃុំស្ដើងជ័យ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២នេះបានចុះអន្តរាគមន៍ជាបន្ទាន់ បើកមុខទឹកដោយដាក់លូបន្ថែម ដើម្បីសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ ៣១ ហិកតា ស្ថិតក្នុងភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ។

បើតាម លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ បានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះមានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិពង្រ ជាង ១០០គ្រួសារ បានធ្វើលិខិតសំណូមពរមកអាជ្ញាធរឃុំ ក្នុងគោលបំណង សុំឲ្យជួយពង្រីកមាត់លូ កាត់ទទឹងថ្នល់ ឱ្យមានទំហំស្មើរគ្នា ឲ្យទឹកហូរបានលឿន បញ្ជៀសការលិចលង់ ខូចដំណាំស្រូវរបស់ពួកគាត់ ដោយសារជំនន់ទឹកភ្លៀង ។

លោកមេឃុំបានបន្តថា ដោយមានសំណូមពរពីប្រជាពលរដ្ឋបែបនោះ លោកបានយកសំណូមពរនោះទៅជូន លោកអភិបាលស្រុកជើងព្រៃ ដើម្បីរកដំណោះស្រាយ ។ ទន្ទឹមគ្នានោះ លោកអភិបាលស្រុកជាងព្រៃ ក៏បានយកសំណូមពរនោះ ស្នើសុំយោបល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លុះមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឃើញថា លោកអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះអន្តរាគមន៍ដោយផ្ទាល់ នឹងបានចាត់បញ្ជាឲ្យមន្ត្រីបច្ចេកទេស បញ្ជាគ្រឿងចក្រ កាយដីដាក់លូបន្ថែមទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយកំណត់ឲ្យ រួចរាល់ក្នុងថ្ងៃនេះតែម្ដង ។

លោកមេឃុំស្ដើងជ័យ បានបញ្ជាក់ទៀតថា ដំណាំរបស់ស្រូវប្រជាពលរដ្ឋ ដែលកំពុងទទួលរងជំនន់ទឹកភ្លៀង មានទំហំ ៣១ ហិចតា និងអាចសង្គ្រោះបានប្រមាណជា ៧០% មកវិញ ដោយកិច្ចអន្តរាគមន៍ ពីលោកអភិបាលខេត្តនាពេលនេះ ។

ជាមួយគ្នានេះដែរ ជំនួសឲ្យប្រជាពលរដ្ឋ ក្នុងភូមិពង្រទាំងជាង ១០០ គ្រួសារ លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ដែលបានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ ៕

To Top