ព័ត៌មានជាតិ

លោក អ៊ិន សុភិន អ្នករៀបចំកម្មវិធី Miss Grand Cambodia 2022 ទទួលស្គាល់កំហុស និងមិនឲ្យមានលើកក្រោយទៀត (Video)

ភ្នំពេញ ៖ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ជាអ្នករៀបចំកម្មវិធីកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) បានទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងការរៀបចំកម្មវិធីនេះឡើង ដោយតម្រូវឲ្យបវរកញ្ញាទាំងអស់ស្លៀកពាក់ បែបស៊ិចស៊ីហួសហេតុជ្រុល និងការលើកស្លាកសញ្ញាបង្ហាញ ពីល្បែងស៊ីសងដូចជា បៀរ និងអាប៉ោងជាដើម ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ បង្ហាញលទ្ធផលក្រោយជួបលោក អ៊ិន សុភិន នាព្រឹកថ្ងៃ១ កញ្ញា នេះ បានឲ្យដឹងថា ក្រោយស្ថាប័នពាក់ព័ន្ធរួមមាន ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានធ្វើការណែនាំ ដល់អគ្គនាយកផលិតកម្ម មហាហង្ស ឲ្យស្វែងយល់គ្រប់ជ្រុងជ្រោយ បន្ថែមទៀតពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្ត្រីខ្មែរ ហើយសហការឲ្យបានស៊ីជម្រៅជាមួយស្ថាប័ន ពាក់ព័ន្ធដើម្បីចៀសវាងកំហុសឆ្គងដោយចេតនា ឬអចេតនាណាមួយ នាំទៅដល់ការប៉ះពាល់ និងធ្វើឲ្យអាប់ឱននូវវប្បធម៌ជាតិ និងគុណតម្លៃ របស់ស្ត្រីខ្មែរលោក អ៊ិន សុភិន បានសូមទោស និងទទួលស្គាល់កំហុសគ្រប់បែបយ៉ាង។

លិខិតបន្តថា “ផលិតកម្មមហាហង្ស ក៏បានធ្វើការសូមអភ័យទោស ចំពោះសាធារណជន ទាំងអស់ នូវកំហុសឆ្គងទាំងឡាយ ដែលបានកើតឡើង ដោយអចេតនា ក្នុងដំណើរកម្មវិធីប្រកួត កញ្ញាឯក Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត ចៀសវាងរាល់កំហុសឆ្គងនានា ជាយថាហេតុ ដែលបានកើតឡើងក្នុងឆ្នាំនេះ ក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃ នូវកិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឲ្យបានខ្ពង់ខ្ពស់” ៕

To Top