ព័ត៌មានជាតិ

ខែកក្កដា ក្រុមការងារ តាមដានហ្វេសប៊ុក សម្ដេច ស ខេង ឆ្លើយតប និងដោះស្រាយសំណូមពរ ពលរដ្ឋបាន ២៣គណនី

ភ្នំពេញ ៖ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារតាមដាន អំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយចំនួន ២៣គណនី។

តាមរយៈគេហទំព័រ ហ្វេសប៊ុក របស់នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារតាមដាន អំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេច បានទទួលសំណូមពរ និងសំណួរ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន១០១គណនី។

សម្ដេច បញ្ជាក់ថា “ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន២៣គណនី។ បូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែកក្កដានេះ នៅមានករណីចំនួន២១៥ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ”។
សម្ដេចបន្ដថា ទន្ទឹមគ្នានឹងនេះដែរ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ដែលបងប្អូនជន រួមជាតិបានផ្ញើមក ហើយត្រូវបានក្រុមការងារ រកឃើញថា ករណីទាំងនោះខុស ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្រុមការងារក៏បានជូនយោបល់បង្វែរ ទៅស្ថាប័នមានសមត្ថកិច្ច។ សម្ដេចថា វឌ្ឍនភាព ការងារនេះ អាចសម្រេចបាន ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នា ដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារ គេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

សម្ដេច បញ្ជាក់បន្ថែមទៀតថា “ខ្ញុំសូមកោតសរសើរ មន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍”។

សម្ដេច ស ខេង ក៏បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ច ក្រសួងមហាផ្ទៃទាំងអស់ គប្បីបន្តខិតខំពន្លឿន ការដោះស្រាយករណី ដែលនៅសេសសល់ ហើយត្រូវប្រាកដថា ការដោះស្រាយទាំងអស់នោះត្រូវតែដោះស្រាយឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់ តែធ្វើជាលិខិតស្នាមបញ្ជា តាមបែបបទរដ្ឋបាល ៕

To Top