ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.៖​ កម្ពុជា មានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ខណៈប្រទេសមួយចំនួន លើពិភពលោក មិនទាន់មាន

សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព​ បើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យឯកជន និងបានសម្រេចបង្កើត ឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនដ៏សំខាន់មួយនេះឡើង ដែលបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក មិនទាន់មានឡើយ បើធៀបនឹងប្រទេសកំពុងអភិវឌ្ឍដូចគ្នា ។

លោកប្រតិភូរាជរដ្ឋាភិបាល បានឱ្យដឹងថា៖ ការបង្កើតឱ្យមានរបបសន្ដិសុខសង្គម ​ផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយ នូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនា នៅក្នុងសង្គម។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ ប្រសិនបើគ្មានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូន ដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញ ដើម្បីរកប្រាក់ចំណូលបាន នោះបងប្អូននឹងប្រឈម ហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកា ដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូន មានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាព ដោយឥតគិតថ្លៃផងដែរ។

ទន្ទឹមនឹងនេះលោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជិត ១លាននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះ បានបង្ហាញពីការចូលរួម បំពេញនូវកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងពេញចិត្តពីសំណាក់បងប្អូន កម្មករនិយោជិត ក៏ដូចជាបងប្អូននិយោជក ទទួលយកនូវសមិទ្ធផលដ៏ល្អឥតខ្ចោះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូន និងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តកម្ពុជានោះឡើយ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ យុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ ដោយបច្ចុប្បន្ន បានផ្តល់របបសន្តិសុខសង្គម ជូនដល់បុគ្គលក្នុងវិស័យសាធារណៈ និងបុគ្គលក្រោមច្បាប់ស្តីពីការងារ ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. នឹងគ្របដណ្តប់ទាំងអស់ ដល់បុគ្គលស្វ័យនិយោជន៍ ដែលរកស៊ីនៅតាមផ្ទះ និងរត់កង់បីជាដើម។

ក្នុងឱកាសជាមួយគ្នានេះ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ប្រកបដោយការពេញចិត្ត។

ឯកឧត្តមអភិបាលរង បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ ដែលជាជំហានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចុះចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់៕

To Top