ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលជាតំណាងឱ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា បន្ទាប់ពីពួកគេ បានបំពានកិច្ចសន្យា និងបានធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ របស់អាជ្ញាធរ មានសមត្ថកិច្ច និងបានធ្វើការបង្ខាំងមនុស្ស មិនឱ្យចាកចេញពីចំការ លោក ខឹម វាសនា ដែលស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ សុខ ម៉េ ង អ៊ា ជាប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៦នាក់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេ ធ្វើ សកម្មភាព ជេរ ប្រមាថមកលើ កងកម្លាំងសមសមត្ថកិច្ចនគរបាល ដែលការពារនៅចំណុចផ្លូវចេញចូល នៃចំការរបស់លោក ខឹម វាសនា និងបានជ្រៀតជ្រែក ទៅលើការបំពេញការងារ របស់សមត្ថកិច្ចនគរបាល ទៀតផង។

លោកបានមានប្រសាសន៍ថា៖ ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានជាប់ចោទពីបទ: « ប្រឆាំងអ្នករាជការសាធារណៈ » និងបទ « ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹង អ្នករាជការសាធារណៈ » តាមមាត្រា៥០៤ និង៥០៥នៃ ក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ននេះ ពួកគេ កំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ: លីហ្សា
