ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ បោកប្រាស់ឲ្យផ្ញើលុយ និងសម្ភារពីក្រៅប្រទេស ធ្លាប់បោកសម្រេច និងមិនសម្រេច ចំនួន៧,៩១០លេខទូរស័ព្ទ

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ដែលបានបោកប្រាស់ក្នុងរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេសបានសារភាពថា ពួកខ្លួនធ្លាប់បានទាក់ទងតាមរយៈទូរស័ព្ទ ទាំងបានសម្រេច និងមិនបានសម្រេច ចំនួន៧,៩១០លេខទូរស័ព្ទ អាចស្មើនឹងចំនួនជនរងគ្រោះដូចគ្នានេះដែរ។

លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ ហើយកត់ទុកក្នុងសៀវភៅចំនួន៥ ក្បាល ក្នុងនោះសៀវភៅទី១ មានចំនួន១,៦៨១លេខ, សៀវភៅទី២ មានចំនួន ៦៣២លេខ, សៀវភៅទី៣ មានចំនួន១,៩៩៤លេខ និងសៀវភៅទី៤ មានចំនួន២៩លេខ សរុបចំនួន៧,៩១០នាក់។

ដូច្នេះប្រជាពលរដ្ឋធ្លាប់ចាញ់បោកជនទាំងពីរនាក់នេះ តាមរយៈការផ្ញើលុយឲ្យជននេះ ជាថ្នូរដើម្បីបានសម្ភារមកពីក្រៅប្រទេស ទំនាក់ទំនងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្ដឹងដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យ។

សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុល បង្ហាញបញ្ជាដឹកនាំដោយ លោក ឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

To Top