ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ ទទួលរថយន្ដក្រុងសាធារណៈ ប្រភេទថ្មី២០០គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប

ភ្នំពេញ៖ ដោយសារតែរាជធានីភ្នំពេញ មានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល និយាយជារួមនិងនិយាយដោយឡែក សម្រាប់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានធ្វើឲ្យបញ្ហាចរាចរណ៍ក្លាយជារឿងអទិភាពមួយ ដែលអាជ្ញាធរយកចិត្ដទុកដាក់ជាខ្លាំង ជាពិសេសការសម្រួលការធ្វើដំណើរ កាន់តែប្រសើរឡើង របស់បងប្អូនប្រជាពលរដ្ឋ ។

តាមរយៈការដោះស្រាយបញ្ហាចរាចរណ៍ ក្រៅពីការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសការសាងសង់ស្ពាន អាកាសជាច្រើនកន្លែង ដើម្បីកាត់បន្ថយ ការកក ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ដំណើរការរថយន្ដក្រុង សាធារណៈប្រភេទថ្មី ពីគោលដៅមួយទៅគោលដៅមួយ រហូតដល់ក្រុង តាខ្មៅ ខេត្តកណ្ដាល ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរ ដោយមិនចាំបាច់ប្រើយាន ជំនិះផ្ទាល់ខ្លួននោះឡើយ ហើយចំណាយក៏តិចផងដែរ ។

ក្រៅពីការផ្ដល់ជំនួយពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលជប៉ុន នូវរថយន្ដក្រុងសាធារណៈ ប្រភេទថ្មីជិត២០០គ្រឿង នាពេលកន្លងទៅនោះ នៅពេលនេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានសម្រេចផ្ដល់រថយន្ដ ក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូន ប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងពិធីចុះ MoU ទទួលរថយន្ដក្រុងសាធារណៈ ប្រភេទថ្មី ទាំង២០០គ្រឿង, អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ ក៏ដូចជាជួយជំរុញ វិស័យដឹកជញ្ជូន សាធារណៈរបស់រដ្ឋ ពីសំណាក់ក្រុមហ៊ុន ចំពោះអាជ្ញាធររាជធានី ជាពិសេស គឺជាការផ្ដល់ប្រយោជន៍ យ៉ាងធំធេងដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញតែម្ដង។

លោក ឃួង ស្រេង បានចាត់ទុកថា ការផ្ដល់ជំនួយរបស់ក្រុមហ៊ុន គឺជាការបង្ហាញឲ្យឃើញពីការរួមចំណែក បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការ រវាងរដ្ឋាភិបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

អគ្គនាយក ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានលើកឡើងថា ក្រុមហ៊ុនខ្លួន ពិតជាមោទភាព និងរីករាយដែលបានចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការចូលរួមកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ។

លោកបណ្ឌិត LEE JOONG KEUN បានមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ និងដើម្បីគាំទ្រកិច្ចការសង្គមដ៏ល្អប្រពៃ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួម សកម្មភាពមនុស្សធម៌ និងគាំទ្រកិច្ចការសង្គមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភរថយន្តក្រុង ប្រភេទថ្មី ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់ នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា ។

អគ្គនាយកក្រុមហ៊ុន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យមានសុខ សន្ដិភាពពេញលេញ ទូទាំងប្រទេស ដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុន របស់លោកផ្ទាល់ មានឱកាសមកដាក់វិនិយោគ រកស៊ីនៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកបង្កើនសេដ្ឋកិច្ច និងជីវភាព របស់ប្រជាពលរដ្ឋខ្មែរផងដែរ ៕

To Top