ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីខួបអនុស្សារីយ៍ ១៣ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាក្រុងតាខ្មៅ នៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

លោក មេទ័ពជើងគោក ក៏សូមចូលរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

លោក ឧត្តមសេនីយ៍ រំលេចថា ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។

លោកឧត្តមសេនីយ៍ សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំហ្វឹកហ្វឺនរៀនសូត្រ រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។

លោក ម៉ាណែត សូមសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជាដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។

លោក បន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាសសម្រាប់អភិឌ្ឍជាតិ។

លោក សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាង ដល់យោធិន និងគ្រួសារយោធិន នៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ រួមទាំងបញ្ជាការដ្ឋានអង្គរក្ស និងក៏សូមអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រទេសជាមិត្ត និងសប្បុរសជននានា ដែលកន្លងមកតែងបានជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានអង្គរក្ស រហូតអង្គភាពសម្រេចបាននូវការកសាងពង្រឹងខ្លួនរឹងមាំលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ន៕

To Top