ព័ត៌មានជាតិ

ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ ធ្វេី​ឱ្យប៉ះពាល់ដល់លំនឹង ប្រព័ន្ធអេកូឡូស៊ី 

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា សត្វព្រៃ ដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី ផងដែរ។

ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរី ដើម្បីបញ្ឈប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទ ក្នុងព្រៃធម្មជាតិកម្ពុជា សំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្ស និងមានចំនួនសម្បូរឡើងវិញ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីក លូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព

លោក បានគូសបញ្ជាក់ថា «សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃនិងជីវៈចម្រុះនឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។ យើងទាំងអស់គ្នានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»។  

នាឱកាសនោះ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានលើកឡើងថា «ប្រទេសកម្ពុជា បានឈានមុខគេបង្អស់នៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍លើការដោះស្រាយវិបត្តិអន្ទាក់ដែលជាមូលហេតុចម្បងនាំឱ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួនរបស់វាគួរឲ្យព្រួយបារម្ភ»។ លោកបានបន្ថែមថា « បញ្ហាអន្ទាក់នេះ ចាំបាច់ត្រូវដោះស្រាយព្រមគ្នាជាមួយ យុទ្ធសាស្រ្តអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តន៏ច្បាប់ ការបង្កើនទោសពិន័យ និងការបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនមូលដ្ឋាន»។

ដោយឡែក លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងបញ្ជាក់ថា «យើងបានគាំទ្រដល់ដែនជម្រកសត្វព្រៃលំផាត់ចាប់ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយលទ្ធផលនៃការអង្កេតបានបង្ហាញថា ការបរបាញ់មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៦ សត្វត្មាតយ៉ាងតិច ៥ ក្បាលត្រូវស្លាប់ដោយការបំពុលក្នុងដែនជម្រកសត្វព្រៃនេះ។ កំណើនមនុស្សដែលចូលទៅក្នុងតំបន់ការពារធម្មជាតិ ជាកត្តាមួយដែលជំរុញឱ្យការដាក់អន្ទាក់និងការបំពុលកើនឡើង»៕

To Top