ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងជិត១សប្តាហ៍ ដោយចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងទីក្រុង អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាល និងវិស័យសុខាភិបាលជាដើម។
ចំពោះកម្មវិធីដែលបានព្រាងទុក លោក ឃួង ស្រេង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងនោះ ៖ គណៈប្រតិភូ នឹងអញ្ជើញចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្ម សំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ ។
គណៈប្រតិភូបន្តដំណើរ ទៅកាន់មន្ទីរគណៈកម្មាធិការ គណបក្សរដ្ឋធានីហាណូយ ។ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក“កម្មវិធីពិព័រណ៍ទេសចរណ៍ ទីក្រុងហូជីមិញ”ហើយនៅថ្ងៃ០៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍ មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕





