ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បិទបញ្ចប់យុទ្ធនាការ អន្ទាក់សូន្យ ដើម្បីលុបបំបាត់ ការចាប់សត្វព្រៃ មកធ្វើជាអាហារ (Video)

រតនគិរី ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ការចាប់សត្វព្រៃ មកធ្វើអាហារ និងបរិភោគសាច់សត្វព្រៃ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងក្នុងពិធី «យុទ្ធនាការអន្ទាក់សូន្យ » នៅខេត្តរតនគិរី នាថ្ងៃ៤ កញ្ញា ថា យុទ្ធនាការនេះ បានចាប់ផ្តើមជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញក្រោមការផ្តួចផ្តើម និងដឹកនាំរបស់ក្រសួងបរិស្ថាន មានការគាំទ្រពីដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ​មានរយៈពេល៦ខែ ផ្តោតលើខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។

លោកថា ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយបានរៀបចំ យុទ្ធនាការអន្ទាក់សូន្យ មុននឹងឈានបិទបញ្ចប់យុទ្ធនាការ នៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ។ ស្ថិតនៅភូមិភាគឥសាន្ត ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ បង្កើតជាកត្តាប្រឈមដ៏សំខាន់ ធ្វើឲ្យចំនួនសត្វព្រៃ មានការថយចុះជាលំដាប់ និងអាចប្រឈមការបាត់ពូជមួយចំនួន។ ការបរិភោគសាច់សត្វព្រៃ ជាកត្តាជំរុញធ្វើឲ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរួម រវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឲ្យជីវៈចម្រុះអាចរីកលូតលាស់ តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព» ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាលើកឡើងដែរថា «កម្ពុជាបានឈានមុខគេបង្អស់ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ លើការដោះស្រាយវិបត្តិអន្ទាក់ ដែលជាមូលហេតុចម្បង នាំឲ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួន របស់វាគួរឲ្យព្រួយបារម្ភ»។

យុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ គឺប្រារព្ធចំថ្ងៃពិភពលោករៀបចំទិវា «យល់ដឹងពីសត្វត្មាត អន្តរជាតិ»៕

To Top