ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានអញ្ជើញដល់រដ្ឋធានីហាណូយ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម នាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុងគោលដៅរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរក្នុង នាមទីក្រុងសម្ពន្ធ័មេត្រីភាពទាំង២ រាជធានីភ្នំពេញ និងទីក្រុងហាណូយ ។

ចំពោះទស្សនកិច្ចនៅថ្ងៃទី៥ កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណា និងលោក NGUYEN TRONGDONG អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនកិច្ច ទិដ្ឋភាពទូទៅ នៃសម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់រោងចក្រថាមពលសកម្មភាព និងគម្រោងបច្ចេកទេស របស់ក្រុមហ៊ុនថាមពល ពីកាកសំណល់ SOC.SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គិសនី បម្លែងចេញពីកាកសំណល់ Soc Son ។

តាមការបញ្ជាក់ពី លោក Li Ai Jun អគ្គនាយករងក្រុមហ៊ុន CNTY.EUZY បានឲ្យដឹងថា សម្ពន្ធ័ក្រុមហ៊ុនCNTY.EUZY ត្រូវបានបង្កើតឡើង នៅទសវត្សរ៍ឆ្នាំ១៩៥០។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ ដំណើរការអភិវឌ្ឍយ៉ាងខ្លាំងក្លា ។ បច្ចុប្បន្នសម្ពន្ធ័ក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ក្នុងវិស័យប្រតិបត្តិការ បរិស្ថានទីក្រុង ដែលមានវិសាលភាពនៅក្នុងប្រទេសជាង៣០ មានរោងចក្រ កំចាត់កាកសំណង់រឹង ជាង៣០០កន្លែង នៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែច្នៃ រហូតដល់៥ម៉ឺនតោន ក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ ជាជនជាតិអឺរ៉ុប។ ជាមួយគ្នានេះ ក៏បានកាត់បន្ថយកាកសំណល់ លើកកំពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ឃួង ស្រេង បានលើកឡើង ពីការស្វាគមន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាម មានបំណងវិនិយោគលើការកែច្នៃ និងបម្លែងកាកសំណល់សំរាម ទៅជាឋាមពលអគ្គិសនី និងបំលែងទឹកកខ្វក់ ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់ សំរាមបំបាត់ក្លិនជាដើម។

លោកអភិបាលរាជធានី បានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្ត ពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញយ៉ាងឆាប់រហ័សដែលការអភិវឌ្ឍដ៏លឿនបែបនេះ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា។ រាជធានីភ្នំពេញ កំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា៖ បញ្ហាចរាចរណ៍ សំណង់ ពិសេសបញ្ហាបរិស្ថាន ប្រពន្ធ័លូជាពិសេសបញ្ហាសំរាមតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកំពស់បរិស្ថានទីក្រុងរួម ជាមួយដៃគូអភិវឌ្ឍមួយចំនួនទៀតផងដែរ។

លោក ឃួង ស្រេង ឲ្យដឹងទៀតថា រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សប្រមាណជាង៣លាននាក់។ ចំណែកបរិមាណសំរាម បានកើនឡើងរហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ នៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួន២កន្លែងបន្ថែមទៀត ស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ កំពុងប្រតិបត្តិប្រមូលសំរាម ក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ៕



