ព័ត៌មានជាតិ

កម្មវិធីប្រគល់រង្វាន់ ជ័យលាភី ការប្រកួតប្រជែង “បញ្ចេញស្នាដៃ សិល្បៈគំនូរជាមួយវីតាល់”

ភ្នំពេញ ៖ វីតាល់បានរៀបចំ ពិធីប្រគល់រង្វាន់ជ័យលាភី ដល់ម្ចាស់ស្នាដៃទាំង ១០រូប របស់កម្មវិធីប្រកួតគំនូរសិល្បៈ ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំង ពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសា តំណាងកម្ពុជា” នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅរោងចក្រទឹកពិសា វីតាល់ ដោយមានការចូលរួមពី សំណាក់គណៈគ្រប់គ្រង ក្រុមហ៊ុន បុគ្គលិក ម្ចាស់ជ័យលាភីឆ្នើមទាំង១០រូប និងភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត យ៉ាងរីករាយអធិកអធម។

កម្មវិធីប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់” ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសា តំណាងកម្ពុជា” បានបង្កើតឡើង ក្នុងគោលបំណងជាវេទិកា ប្រកួតសាធារណៈមួយដែលផ្តល់ឱកាសដល់យុវជន វិចិត្រករ និង ជនរួមជាតិទាំងអស់ បានបង្ហាញស្នាដៃ ច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន និងស្របពេលសាទរកម្ពុជា ជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ ផងដែរ។

ក្នុងឱកាសនេះដែរ លោកសោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “នេះជាលើកដំបូងហើយ ដែលវីតាល់បានរៀបចំកម្មវិធីប្រកួត ប្រជែងស្នាដៃគំនូរសិល្បៈ ដែលធ្វើការផ្សព្វផ្សាយលើឌីជីថល យ៉ាងគគ្រឹកគគ្រេងបែបនេះ ។ យើងពិតជារីករាយ និង មានមោទនភាព ដែលការប្រកួតនេះ ទទួលបានសន្ទុះគាំទ្រ យ៉ាងខ្លាំង ថែមទាំងអាចទទួលបានគំនូរ សិល្បៈដ៏អស្ចារ្យ និង មានអត្ថន័យជាច្រើនពី សំណាក់យុវជន និងវិចិត្រករមកពី ស្ថាប័នសិល្បៈរដ្ឋ និងឯកជនផ្សេងៗ នៅទូទាំងរាជធានីខេត្ត ចាប់តាំងពីការបើកប្រកួតពីថ្ងៃទី២៧ កក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២”។

នៅក្នុងការប្រកួតប្រជែងនេះ ស្នាដៃគំនូរចំនួន ៧៧ ត្រូវបានដាក់ចូលរួមប្រកួត និង ឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល។ បន្ទាប់ពីបានឆ្លងកាត់ ការជ្រើសរើស យ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិត ក្នុងចំណោម អ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញ លើការច្នៃប្រឌិត ព្រមទាំងបាន ឆ្លងកាត់ការ បោះឆ្នោត គាំទ្រតាមអនឡាញលើទំព័រហ្វេសប៊ុកវីតាល់ ទីបំផុតយើងបានរកឃើញម្ចាស់ជ័យ លាភីឆ្នើមទាំង១០រូប។

រង្វាន់ដែលវីតាល់ បានផ្តល់ជូនជ័យលាភីឆ្នើមទាំង៥ដំបូង គឺ iPad Air 5 និងជ័យលាភីឆ្នើមទាំង៥ចុងក្រោយ គឺកាសត្រចៀក Beat Studio Buds ជំនាន់ចុងក្រោយ រួមជាមួយលិខិតសរសើរ និងកាដូអនុស្សាវរីយ៍ពីវីតាល់។

ក្នុងនាមជាក្រុមហ៊ុន ទឹកពិសា គុណភាពខ្ពស់មួយក្នុងស្រុក វីតាល់ជានិច្ចកាល តែងតែបន្តបង្កើត និងគាំទ្ររាល់សកម្មភាពសប្បុរសធម៌ សង្គមនិងកម្សាន្ត ជាច្រើនផ្សេងៗ ដែលធ្វើឡើងក្នុងគោលបំណង ផ្តល់ប្រយោជន៍ដល់សង្គម និង ជនរួមជាតិខ្មែរគ្រប់ទិសទី ។ វីតាល់សូមសម្តែងនូវ ការកោតសរសើរ និងអំណរគុណចំពោះការចំណាយពេលវេលា ដ៏មានតម្លៃរបស់បេក្ខភាពគ្រប់រូប ក្នុងការខិតខំសម្រិតសម្រាំង បង្កើតនូវស្នាដៃដែលបង្កប់ នូវអត្ថន័យ អត្ថរូប និងអត្ថរសគួរជាទីស្ងើចសរសើរ ៕

To Top