ភ្នំពេញ ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ កញ្ញា បានជួបសំដែងការគួរសម ជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្ស ទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

លោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូទីក្រុងភ្នំពេញ ដែលដំណើរទស្សនកិច្ចនេះ ចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងវៀតណាម និងកម្ពុជា ។

លោកអភិបាលទីក្រុងហាណូយ ក៏បានជំរាបជូនលោកឃួង ស្រេង និងប្រតិភូពីការបើកដំណើរការ ទីក្រុងហាណូយឡើងវិញ នៅដំណាក់កាល៩ ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុង នាពេលការរីករាលដាលជំងឺកូវីដដែលបានធ្វើឲ្យទីក្រុង មានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចម្រើនលើផ្នែកសេដ្ឋកិច្ចសង្គម ។

បន្ថែមពីលើនេះ លោកជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញផែនការ អភិវឌ្ឍទីក្រុងហាណូយ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ ឲ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហា ប្រឈមដូច នៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចម្រើនតែងតែជួបបញ្ហាប្រឈម ដូចជា កកស្ទះចរាចរណ៍, បញ្ហាកាកសំណល់, ទឹកកខ្វក់និងទឹកលិច ដោយសារជំនន់ទឹកភ្លៀងផងដែរ ។

ជាមួយគ្នានេះ រដ្ឋធានីហាណូយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ, ប្រជាជន និងប្រជាជន នៃទីក្រុងទាំង២ ហាណូយ-ភ្នំពេញ ឲ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយ បានឯកភាពគ្នាទៅលើការបន្តកិច្ចសហប្រតិបត្តិការវិស័យជាច្រើនដូចជា ៖ អប់រំ , ទេសចរណ៍ , វប្បធម៌ , សុខាភិបាល , សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ ឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។
លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយបានជួយរាជធានីភ្នំពេញទាំងទឹកចិត្ត ថវិកា និងសម្ភារៈជាបន្តបន្ទាប់ ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោម ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញ ឲ្យមានការផ្សព្វផ្សាយ ពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគ នៃទីក្រុងទាំង២ ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់ អំពើល្មើសច្បាប់នានា ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយ មកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំ នៃការចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ៕
