ព័ត៌មានជាតិ

គ្រូបង្វឹកនិងកីឡាករលាឈប់ ដោយសារតែអំពើរពុករលួយ ក្នុងពេលហ្វឹកហាត់ មុនចេញទៅប្រកួត ស៊ីហ្គេម នៅប្រទេសវៀតណាម

ភ្នំពេញ៖ ក្រុមគ្រួបង្វឹកបាល់ទះនៅលើឆ្នេរខ្សាច់របស់ជម្រើសជាតិកម្ពុជានិងក្រុមកីឡាករបានលាឈប់ ដោយសារតែគណៈគ្រប់គ្រងប្រព្រឹត្តិ អំពើរពុករលួយ កាត់ប្រាក់បៀវត្សរបស់ក្រុមកីឡាករនិងគ្រូបង្វឹក ក្នុងពេលដែលប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន៨ខែ មុននឹងចូលរួមប្រកួត ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងវីដេអូឡាយ ជាមួយអ្នកសារព័ត៌មានអនឡាញជាច្រើនស្ថាប័ន ដែលមានរយៈពេល១ម៉ោង១៣នាទី លោក សោម ចំណាប់ ដែលជាគ្រូបង្វឹកបាល់ទះលើឆ្នេរខ្សាច់របស់ក្រុមជម្រើសជាតិកម្ពុជា បានលាតត្រដាងអំពីការកាត់ប្រាក់បៀរវត្សក្រុមកីឡាករបាល់ទះលើឆ្នេរខ្សាច់ក្នុងពេលដែលប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបានលើកឡើងថា សម្រាប់កីឡាករនឹងគ្រូបង្វឹកគឺប្រាក់ឧបត្ថមចំនួន ២,៣០០,០០០រៀល(ពីរលានបីសែនរៀល) ដែលត្រូវបានបែងចែកជាពីរ គឺប្រាក់ខែបានចំនួន ១,១០០,០០០រៀល(មួយលានមួយសែនរៀល) និងប្រាក់អាហារចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល)។

លោកបានថ្លែងឲ្យដឹងបន្តទៀតថា ដោយសារតែវិបត្តិកូវីដក្រុមកីឡាកររបស់លោកត្រូវតែប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមិនអនុញ្ញាត្តិឲ្យចេញទៅក្រៅដាច់ខាត ហើយត្រូវកាត់ខែចំនួន ១,៣០០,០០០រៀល (មួយលានបីសែនរៀល) ដើម្បីយកទៅផ្គត់ផ្គង លើការហូបចុកប្រចាំថ្ងៃ។ ដូចឆ្នេះទាំងកីឡាករនិងគ្រូបង្វឹក ទទួលបានប្រាក់ខែតែ ១,០០០,០០០រៀល (មួយលានរៀល) ប៉ុណ្ណោះ។

គ្រូបង្វឹករូបនោះបានបន្ថែមអោយដឹងទៀតថា ៖ «ដោយសារតែមានកាត់ប្រាក់ខែច្រើនពេក ធ្វើឲ្យបះពាល់ដល់ជីវភាពគ្រួសារ និងកីឡាករយ៉ាងខ្លាំង។ ខ្ញុំក៏បានសម្រេចចិត្តលាឈប់ពីការងារជាគ្រូបង្វឹកក្រុម ជម្រើសជាតិតែម្ដង»។
នៅក្នុងវីដេអូដដែលលោកក៏បានបញ្ចាក់ទៀតថា រូបលោកបានប្រាប់ដល់កីឡាកររបស់គាត់ទាំងអស់ត្រូវព្យាយាមហ្វឹងហាត់ តែពួកគេបានព្យាយាមហ្វឹកហាត់នៅទីនោះបានរយៈពេលបីខែ ក៏បានទូរសព្ទ័មករកលោករៀបរាប់អំពីការលំបាកក្នុងការហូបចុកដោយកាត់ប្រាក់ខែច្រើនហើយហូបមិនឆ្ងាញ់ដោយសារមានកីឡាករច្រើនហូបជុំគ្នា។ ហើយថវិការដែលទទួលបាន ១,០០០,០០០រៀល លស់ពីការកាត់ប្រាក់ខែអស់ ១,៣០០,០០០រៀល ត្រូវយកទៅចំណាយលើការទិញផ្លែឈើហូបដើម្បីយកម្លាំងបន្ថែម និងរបស់របបផ្សេងៗក៏មិនគ្រប់ផង។

លោកបន្ថែមទៀតថា ៖«ដោយសារបញ្ហាខាងលើនេះហើយទើបកីឡាករនឹងខ្ញុំសម្រេចចិត្តលាឈប់ទាំងអស់ពីក្រុមបាល់ទះលើឆ្នេរខ្សាច់ជ្រើសជាតិទាំងអស់តែម្ដង»។

គួរបញ្ជាក់ផងដែរថា លោក សោម ចំណាប់ គឺជាអតីតកីឡាករបាល់ទះលើឆ្នេរខ្សាច់ហើយរូបលោកចាប់ផ្ដើមការងារជាគ្រូបង្វឹកក្រុមបាល់ទះឆ្នេរខ្សាច់នៅឆ្នាំ២០១៩។
កីឡាករម្នាក់ក្នុងចំណោម៥នាក់ដែលបានលាឈប់ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ដោយសារតែលុយសល់តិចពេក ហើយការហូបចុកមិនគ្រប់គ្រាន់ កីឡាករច្រើន ហើយពួកគាត់ត្រូវការកំលាំងច្រើន។ ហើយប្រាក់ដែលបាន១លានរៀលមិនអាចចាយវាយគ្រប់គ្រាន់ពួកលោកក៏បានលាឈប់តែម្តង។

លោកបានថ្លែងអោយដឹងទៀតថា ៖«គេកាត់អស់១លាន៣សែនរៀល ហើយម្ហូបគេអោយហូបអីត្រូវហូបនោះ ដូច្នេះយើងមិនអាចទ្រាំទ្របាន គឺមានតែសម្រេចចិត្តឈប់តែម្តង»។
យើងបានព្យាយាមទាកទង់ទៅអតីតកីឡាករជម្រើសជាតិទាំង ៥រូបដែលបានលាឈប់ដែរនោះរួមមាន ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ សុផុន និង ថុន លាភហេង ។ ពួកគេលាឈប់ក្រោមហេតុផលផ្សេងៗគ្នា ដោយកីឡាករខ្លះ មានមុខរបរផ្ទាល់ខ្លួន ហើយខ្លះទៀតត្រូវការរកលុយបន្ថែម តាមរយៈការលេងឲ្យ ក្រុមឯកជន ឬស្ថាប័នណាមួយ ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ លោក វ៉ាត់ ចំរើន ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ចំពោះការលើកឡើងរបស់គ្រូបង្វឹកនិងកីឡាករ ដោយសារទូរស័ព្ទជាច្រើនលើក លោកមិនទទួលទូរស័ព្ទ។

ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បានប្រព្រឹត្តិទៅចាប់ធ្វើនៅថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។ ការប្រកួតស៊ីហ្គេមលើកទី៣១ មានអត្តពលិកចូលរួមសរុបប្រមាណ៧១១៥ នាក់ មកពី១១ប្រទេសក្នុងតំបន់។ វៀតណាមដាក់៤០ប្រភេទកីឡាសម្រាប់ប្រកួត។ កម្ពុជាបានបញ្ជួនអត្តពលិកនឹងគណៈប្រតិភូចូលរួមចំនួន៥៦០នាក់ លើ៣៣ប្រភេទកីឡា។ កម្ពុជារកបានមេដាយសរុបចំនួន៦៣ គឺមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១ ខណៈស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ កម្ពុជាដណ្ដើមបានមេដាយ៤៦ គឺមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦។
សមិទ្ធផលនេះ គឺជាការកសាងទំនុកចិត្តបន្ថែមទៀត ដល់អត្តពលិកកម្ពុជា ឱ្យធ្វើបានល្អនៅស៊ីហ្គេមលើកទី៣២ ឆ្នាំក្រោយ។

កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងរៀបចំឡើងក្រោមពាក្យស្លោក «កីឡា រស់ក្នុងសន្តិភាព» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ មនុស្សប្រហែល ១០,០០០ នាក់ រួមទាំងអត្តពលិក ៧,០០០ នាក់ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡា ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងវិញ្ញាសារកីឡាប្រហែល ៤០ ប្រភេទ។

បើយោងតាម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ធ្លាប់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយកន្លងមក លោកបានប៉ាន់ប្រមាណថា កម្ពុជាអាចនឹងចំណាយ ថវិកាប្រមាណ១លានដុល្លារ សហរដ្ឋអាមេរិក ក្នុង១ប្រភេទកីឡា ដែលនោះ មានន័យថា កម្ពុជានឹងចំណាយថវិកា ប្រមាណជា៣០លានដុល្លារអាមេរិក ខណៈដែលកម្ពុជានឹងដាក់៣០ប្រភេទកីឡា ដើម្បីប្រកួតប្រជែង។ ការចំណាយនេះ នៅមិនទាន់រាប់បញ្ចូល ការចំណាយមុននិងក្រោយ ការប្រកួតនោះទេ ពោលគឺ គិតតែក្នុងអំឡុងពេល នៃការរៀបចំការប្រកួតប៉ុណ្ណោះ។

របាយការណ៍ដដែលថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៥៧ ក្នុងចំណោម ១៨០ ប្រទេស និងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការសិក្សា។ កម្ពុជាទទួលបានពិន្ទុ ២៣ លើពិន្ទុអតិបរមា ១០០ គឺឡើងពីពិន្ទុ ២១ ដែលទទួលបានក្នុងឆ្នាំ២០២០ៗ។

To Top