ព័ត៌មានជាតិ

ប.ស.ស. កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសិក្ខាសាលាកម្រិតបច្ចេកទេស របស់សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) នៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំប្រតិភូនៃ ប.ស.ស. ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសិក្ខាសាលា កម្រិតបច្ចេកទេសស្តីពី ការតម្រង់ទិសវិស័យសន្តិសុខសង្គម និងសុខុមាលភាពក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅតំបន់អាស៊ី របស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Inter Continental ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។

ព្រឹត្តការណ៍របស់សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកនូវវឌ្ឍនភាពរបស់ស្ថាប័ន ជាសមាជិកនីមួយៗ និងពិភាក្សាលើវិធានការសហប្រតិបត្តិការរបស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ក្នុងការអភិវឌ្ឍឲ្យកាន់តែប្រសើរ នូវកិច្ចគាំពារ និងសុខុមាលភាពសម្រាប់កម្មករនិយោជិត។

សូមរំលឹកផងដែរថា៖ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក នេះគឺជាលើកដំបូងហើយ ដែលសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) បានរៀបចំព្រឹត្តការណ៍ ដោយផ្ទាល់របស់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានចូលរួមចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធ នឹងដំណើរការរបស់បេឡាជាតិសន្តិសុខសង្គម ដោយបានលើកឡើងថា ចាប់តាំងពីបេឡាជាតិសន្តិសុខសង្គម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ប.ស.ស. បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារក្នុងឆ្នាំ២០០៨ និងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៦ សម្រាប់វិស័យឯកជន ចំណែកវិស័យសាធារណៈ ប.ស.ស. បានដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៨ និងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនៅឆ្នាំ២០២១។

ក្នុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ប.ស.ស. កម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលនេះជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ស្ថិរភាពសង្គម និងធានាសន្តិសុខប្រាក់ចំណូល ព្រមទាំងសុខុមាលភាពរបស់ជនចាស់ជរា នៅពេលចូលនិវត្តន៍។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះត្រូវបានរៀបចំ ដោយអង្គភាពសន្តិសុខសង្គម (SOCSO)  នៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដោយមានការចូលរួម ពីសមាជិកនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ចំនួន ១៣អង្គភាព មកពីបណ្តាប្រទេសចំនួន១០ រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ស្រីលង្កា ថៃ និងវៀតណាម៕

To Top