ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចប់អាណត្តិបេសកកម្មការទូត ក្នុងឱកាសលោកទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
លោក ប៉ាន់យ៉ារ៉ាក់ ភូលថុប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការផ្តល់គ្រឿងឥស្សរិយយសនៅពេលនេះ ដែលlokចាត់ទុកថា ជាកិត្តិយសដ៏ធំធេងសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមការងារ នៃស្ថានឯកអគ្គរាជទូតថៃនៅភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមចំណែក យ៉ាងសកម្មរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រទាំងពីរ នៅលើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវប្បធម៌ ដោយគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយស នៅពេលនេះជាការសបញ្ជាក់ ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកឯកអគ្គរាជទូត។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការកើនឡើង នូវការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានលើកទឹកចិត្តប្រទេសទាំងពីរ ឲ្យស្វែងរកឱកាសដើម្បីពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយសេចក្តីរីករាយ ចំពោះការវិលត្រឡប់ទៅ រកស្ថានភាពជាធម្មតា ដូចកាលពីមុនជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ និងការបន្តជើងហោះហើរឡើងវិញ ដែលនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់គោលបំណងនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរ ឲ្យពន្លឿនការបញ្ចប់ឯកសារមួយចំនួន ដែលមិនទាន់សម្រេចបាននៅឡើយ។
លោកឧបនាយករដ្ឋមន្រ្ដី ក៏បានវាយតម្លៃខ្ពស់ចំពោះ ការគាំទ្ររបស់ប្រទេសថៃ ដល់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅដើមខែសីហា ឆ្នាំ២០២២នេះ ៕


