ភ្នំពេញ៖ លោក នី ចាន់ពិនិត្យ តំណាងគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ (LDP) បានស្នើទៅលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះប្រជាពលរដ្ឋ ដែលបានចូលមកស្នាក់នៅ ក្នុងចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ។
បើតាមលិខិតស្នើទៅអភិបាលខេត្តសៀមរាប នៅថ្ងៃទី៦ កញ្ញា តំណាង LDP បានឲ្យដឹងថា LDP បានប្រារព្ធពិធីជួបជុំសមាជិកបក្ស នៅបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី។ ជាមួយគ្នានោះតំណាង LDP បានធ្វើកិច្ចសន្យាប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ ដែលបានស្នាក់នៅ ក្នុងចម្ការរបស់ខ្លួនទាំង២ ទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែកញ្ញា ត្រឹមម៉ោង ៥៖៣០នាទីល្ងាច ប៉ុន្តែរហូតដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន ក្រៅពីក្រុមការងារបក្ស ពុំព្រមចាកចេញពីដីចម្ការ របស់លោកនៅឡើយទេ ។
ពាក់ព័ន្ធបញ្ហានេះតំណាង LDP បានស្នើសុំអភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ ឲ្យពលរដ្ឋទាំងនោះ ចាកចេញពីដីចម្ការរបស់ខ្លួនទាំង២ទីតាំង ៕




