ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មិនគ្រាន់តែជួយជនរងគ្រោះហើយ ចប់ភារកិច្ចទេ ត្រូវពន្លាតការស្រាវជ្រាវ និងបង្ក្រាបជនល្មើសជួញដូរមនុស្ស (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដាច់ណាត់ ដល់សមត្ថកិច្ចមានជំនាញគ្រប់ជាន់ថ្នាក់ ត្រូវបង្ក្រាបករណីជួញដូរមនុស្ស នៅកម្ពុជាឲ្យបាន ព្រោះមិនអាចគ្រាន់ តែជួយជនរងគ្រោះហើយ ចប់ភារកិច្ចនោះទេ ត្រូវចាប់ខ្លួនជនល្មើស និងបង្ក្រាបទីតាំងពាក់ព័ន្ធ អំពើជួញដូរមនុស្ស។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា រហូតមក ដល់ពេលនេះ ក្រសួងទទួលពាក្យបណ្ដឹង ពាក់ព័ន្ធអំពើជួញដូរមនុស្សចំនួន១១៧ករណីហើយ ក្រោយបើកការបង្ក្រាប ជាលក្ខណៈទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះ។

សម្ដេចបន្ដថា ក្នុងចំណោមបណ្ដឹង សុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះនោះ ក៏មានជនរង គ្រោះជាបន្តបន្ទាប់ ត្រូវបានសមត្ថកិច្ចជួយសម្រួល ឲ្យបានចាកចេញពីទីកន្លែងការងារ បន្ទាប់ពីពួកគេ និង សាច់ញាតិ បានស្នើសុំកិច្ចអន្តរាគមន៍មក សម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក ឬតាមរយៈអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ។

សម្ដេចបញ្ជាក់ថា «មិនអាចគ្រាន់តែយកជនរងគ្រោះ ហើយក៏ចប់ភារកិច្ច មិនមែនទេ ត្រូវតែពន្លាតការស្រាវជ្រាវ របស់យើងឲ្យវាច្បាស់លាស់ ចប់ចុងចប់ដើម។ រាយការណ៍មកថា អត់មានការបង្ខាំងទេ អត់មានការធ្វើទារុណកម្មទេ គ្រាន់តែអត់ឲ្យមានសិទ្ធិដើរទៅនេះ ដើរទៅនោះ អាហ្នឹងហើយឃុំខ្លួនគេ។ តាមពិតយើងមានសិទ្ធិអីទៅបិទគេ។ អាហ្នឹងយ៉ាងណាក៏មានទំនួលខុសត្រូវ ធ្ងន់ឬស្រាលអាហ្នឹងតាមច្បាប់កំណត់ទៅ។ ប៉ុន្តែបើថាទៅហាមឃាត់សិទ្ធិសេរីភាពគេ ហើយថាវាអត់មានអីទេ វាអត់ត្រូវ តាមខ្ញុំយល់ ក្រែងខ្ញុំយល់វាមិនដល់ តែយើងទៅមានសិទ្ធិអីហាមឃាត់គេ?»។

សម្ដេច បន្ថែមថា រាល់កិច្ចប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស ត្រូវតែប្រកាន់យកគោលការណ៍ ចំនួន៣ រួមមាន៖ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស ។ សម្ដេចថា បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាដែរ។

កាលពីថ្ងៃ១៩ សីហា សម្តេច ស ខេង បានប្រកាសចាប់ផ្ដើមបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត ហើយឃាត់ខ្លួនមេក្លោងជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះមួយចំនួនទៀតផងដែរ ។ ដោយជំហានដំបូងធ្វើនៅខេត្តកណ្ដាល និងព្រះសីហនុ និងបន្ដត្រួតពិនិត្យនៅខេត្តផ្សេងៗទៀត ។ បន្ទាប់ពីបើកប្រតិបត្តិការរួចមក ឃើញថា មានជនរងគ្រោះជាច្រើនរយនាក់ដែលជាជនបរទេស ត្រូវបានជួយសង្រ្គោះដែលភាគច្រើនពួកគេធ្វើការតាមអនឡាញ។

សូមរំលឹកថា ក្រសួងការបរទេសអាមេរិក បានទំលាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាដល់លេខ៣ ជាចំណាត់ថ្នាក់ទាបបំផុត និងបង្ហាញថាកម្ពុជា ជារដ្ឋគ្មានឆន្ទៈបង្ក្រាបអំពើជួញដូរមនុស្ស។ ជុំវិញបញ្ហានទាំងនេះ សម្ដេច ស ខេង ក៏បានបង្កើតក្រុមការងារ ដើម្បីបង្កើនប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

គូរឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ សមត្ថកិច្ចអះអាងថា បានចុះត្រួតពិនិត្យបណ្តឹងជាង១០០ករណី ដោយសង្គ្រោះមនុស្សចំនួន៩៦៨នាក់ និងឃាត់ខ្លួនជនសង្ស័យ៨២នាក់ ក្នុងនោះ១៩ករណី គឺជាអំពើបង្ខាំង និងជំរិតទារប្រាក់៕

To Top