ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ ៤ពាន់លានដុល្លារ) ស្មើនឹង៧០% បើធៀបនឹងច្បាប់ថវិកាជាតិ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី៦ កញ្ញា បានបញ្ជាក់ថា ផ្អែកលើលទ្ធផល នៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២២នេះ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្រសួង បញ្ជាក់ថា «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។ ដោយឡែក, ចំពោះការអនុវត្តចំណាយ ថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់»។
ជាមួយគ្នានេះ , ចំពោះសកម្មភាព កែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និង កែលម្អប្រព័ន្ធ និងការរៀបចំ លិខិតបទដ្ឋាន គតិយុត្តស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ភាគច្រើន បន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេច បាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ ៕