ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាត ឱ្យ កម្មករនិយោជិត ឈប់សម្រាក ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៧ កញ្ញា នេះ លោក អ៊ិត សំហេង បានថ្លែងបញ្ជាក់ថា «សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃ គឺថ្ងៃទី២៤-២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២»។

លោក បន្ដថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាច បញ្ឈប់សកម្មភាព បាន ហើយការឈប់ សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរ ការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំ បែងចែកឱ្យកម្មករ និយោជិតបានឈប់ សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់វេនគ្នា។

លើសពីនេះ លោករដ្ឋមន្ដ្រី បន្ថែមថា កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់ បំណាច់បន្ថែម ដែលមានចំនួនស្មើ នឹងប្រាក់ឈ្នួលថ្ងៃ ធ្វើការធម្មតា ។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំ បញ្ជីឈ្មោះកម្មករ និយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សា ទុកជាប្រចាំសម្រាប់ការត្រួត ពិនិត្យរបស់អធិការការងារ៕

To Top