ព័ត៌មានជាតិ

ប្រតិភូ​រដ្ឋបាល ​រាជធានីភ្នំពេញ ចូលជួបសម្ដែងការគួរសម ជាមួយប្រធានសភាវៀតណាម

ភ្នំពេញ៖ គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមដំណើរដោយ​ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរ កាលពីរសៀលថ្ងៃទី៦ កញ្ញា​ បានជួបសម្ដែងការគួរសម ជាមួយ លោក វឿង ឌីញ ហឺ (​VUONG DINH HUE) ​ប្រធានរដ្ឋសភា នៃសាធារណៈសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។

នាឱកាសនោះ លោក វឿង ឌិញហឺ ​បានថ្លែងអបអរសាទរ​ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនង កាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព តាមរយៈការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើច្រើន វិស័យដូចជាវិស័យ៖ សុខាភិបាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម,វប្បធម៌,សុខាភិបាលជាដើម។

ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរ ដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រែក្លាយប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រ ទេស មានការអភិវឌ្ឍនលើគ្រប់វិស័យ និងបានធ្វើឪ្យិកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

លោក វឿង ឌិញហឺ ក៏បានទទួលស្គាល់និងកោតសរសើរ ចំពោះការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព តាមរយៈការស្រោចវ៉ាក់សាំង ទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ-១៩ បានល្អជាងគេបើប្រៀបធៀបជាមួយ បណ្តាប្រទេសនៅអាស៊ី និងពិភពលោក និងបានបើកប្រទេសឡើងវិញ ឲ្យមានប្រក្រតីភាពនៃជីវភាពសង្គម ។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន​ នាពេលកន្លងមកថ្មីៗនេះ ទទួលបានផ្លែផ្កាយ៉ាងធំធេង និងទទួលបានការកោតសរសើរ ជាអន្តរជាតិ។

ជាការឆ្លើយតប លោក ឃួង ស្រេង បានជម្រាបជូនប្រធានរដ្ឋសភាវៀតណាម​ ពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ច នៅទីក្រុងហាណូយ តាមរយៈការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ និងលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខណ្ឌ័ទីក្រុងទាំង២ ដែលជាទីក្រុងសម្ពន្ធ័ភាព ។

លោកអភិបាលរាជធានី ក៏បានលើកឡើង នូវការជំរុញឲ្យមានការតភ្ជាប់​ វិស័យទេសចររវាងភ្នំពេញ-ហាណូយ ក៏ដូចជាតំបន់បេតិកភណ្ឌ័​ ដែលមានស្រាប់ដើម្បីអោយភ្ញៀវទេសចរ អាចទស្សនាបានច្រើនកន្លែង ដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ-ហាណូយ។

ជាមួយគ្នានេះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រោមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៏ទីក្រុង ការកែលំអរនិងស្ថាបនាប្រពន្ធ័លូ ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរ ដែលរាជធានីភ្នំពេញ កំពុងប្រឈមនៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ចពិសេស ក្រោយវិបត្តិជំងឺកូវីដ១៩៕

To Top