ព័ត៌មានជាតិ

បញ្ចុះបឋមសីលា សាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន មុនីរង្សី ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញ ដឹកនាំប្រារព្ធពិធី ក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង ៣ជាន់ ៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិទមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស ។ ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សា ថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង ៣ជាន់ មាន៣០បន្ទប់ នេះ អាចប្រើរយៈពេលប្រមាណជា ៩ខែ ទើបសាងសង់រួចជាស្ថាពរ ហើយសាលានេះ គឺជាការកសាងធនធានមនុស្ស ចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន នឹងធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ រៀនសូត្រ ឈានឡើងទៅរកកម្រិតថ្នាក់ឧត្តមសិក្សា បន្តយកការសិក្សាដែលមានកម្រិតជំនាញ ហើយក្រោយបញ្ចប់ការសិក្សាកម្រិតជំនាញ និងឈានឆ្ពោះទៅកាន់ទីផ្សារការងារ ដោយអ្នកខ្លះ បន្តចូលទៅធ្វើការនៅវិស័យឯកជន ដើម្បីបានប្រាក់ខែ និងអ្នកខ្លះទៀត ប្រលងចូលជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះជួយ មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺមានបំណងតែមួយគត់ គឺដើម្បីបម្រើផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ៕

To Top