ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២នេះ ធ្វើការការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជាង១០គីឡូក្រាម ប្រព្រឹត្តក្នុងភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២០ ។
លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ វ៉ុន សិសា ភេទប្រុស មានទីលំនៅក្នុងភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកស្រីចៅក្រមបានថ្លែងថា ជនជាប់ចោទត្រូវបានសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២១ ដាក់ពន្ធនាគារ កំណត់២៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៥០លានរៀល ពីបទ” ដឹកជញ្ជូន រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ទម្ងន់ជាង ១០គីឡូក្រាមពីគាត់។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ៕ ដោយ: លីហ្សា

