ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគាំទ្រលើការបង្កើតក្លឹប សេដ្ឋកិច្ចអាស៊ាន នៅកម្ពុជា ព្រមទាំងបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ផងដែរ។

នាឱកាសចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា គោលបំណងរបស់លោកមកកាន់កម្ពុជា នាពេលនេះ រួមមាន៖ ទី១-គោរពសុំការគាំទ្រ និងអនុញ្ញាតចាប់ផ្ដើមដំណើរការ ក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូល ដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ និងទី២- សុំការគាំទ្រ លើគំនិតផ្ដួចផ្ដើមឲ្យមាន តំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យអាយធី (IT) បញ្ញាសិប្បនិមិ្មត។
ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការ របស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ថា «បន្ថែមទៅលើអ្វី ដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែក លើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងារ របស់អាស៊ានផង»។
សម្ដេចតេជោ ក៏បានគាំទ្រកិច្ចផ្ដួចផ្ដើម បង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែក កិច្ចផ្ដួចផ្ដើមឲ្យមាន តំបន់សេដ្ឋកិច្ចបៃតង សម្ដេចមានប្រសាសន៍ថា «គំនិតនេះ គឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើទៅអាស៊ានកន្លងមកនោះ គឺសំណើឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន»៕

