មណ្ឌលគិរី៖ ភូមិសាស្រ្តខេត្តមណ្ឌលគីរី ដែលជាខេត្តទី២៥ និងជាខេត្តចុងក្រោយ នៃពិធីផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្រោម សហអធីបភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅសាលប្រជុំសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺគ្របដណ្ដប់ទាំងវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអ្នកបម្រើក្នុងផ្ទះ អាចទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដោយឡែកពីមុនមក បងប្អូនវិស័យឯកជន ពុំទាន់មានប្រាក់ចូលនិវត្តន៍ ដូចមន្រ្ដីរាជការនៅឡើយ ទើបតែឆ្នាំ២០២២នេះទេ ជារបត់ថ្មី និងជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាល ដាក់ចេញបន្ថែមគោលនយោបាយថ្មី ជូនបងប្អូនវិស័យឯកជន ឱ្យទទួលបានប្រាក់ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ ហើយផ្នែកប្រាក់សោធន វិស័យឯកជននេះ ជារបបសន្ដិសុខសន្ដិសង្គមថ្មី ដូចនេះបងប្អូនទាំងអស់ នៅទូទាំងប្រទេសបន្ទាប់ពីទទួលបាន ការយល់ដឹងយ៉ាងច្បាស់ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ស្ដីពី របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ បងប្អូននិងចូលរួម អនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត ទុកចិត្ត និងប្រកបដោយការជឿជាក់បំផុត។
ទន្ទឹមជាមួយគ្នានេះ លោកអគ្គនាយក ប.ស.ស. បានធ្វើការអំពាវនាវ ទៅដល់បងប្អូនទាំងអស់ សូមកុំមានការព្រួយបារម្ភ ពីការបាត់បង់នូវអត្ថប្រយោជន៍របស់ខ្លួន ព្រោះ ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានការចូលរួមត្រីភាគី រវាងភាគីរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ហើយ ប.ស.ស. ជាប្រតិបត្តិករសន្ដិសុខសង្គមរបស់រដ្ឋ ជាប្រព័ន្ធដែលមាននិរន្ដន៍ភាព គឺនៅតាមបម្រើបងប្អូនជារៀងរហូត ពុំចាកចេញពីបងប្អូនឡើយ។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលពុំទាន់យល់ច្បាស់ ពីរបបសន្ដិសង្គមផ្នែកប្រាក់សោធននេះ បងប្អូនអាចរៀបចំលិខិត ដើម្បីស្នើសុំមន្រ្តីជំនាញធ្វើបទបង្ហាញជូន ឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត ក្នុងន័យដើម្បីចូលរួម ការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស. ផ្ដល់ជូន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអគ្គនាយក ប.ស.ស. បានសម្ដែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំរដ្ឋបាល សាលាខេត្តមណ្ឌលគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលសាលាខេត្ត ទាំង២៥ខេត្តក្រុង ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយបេឡាជាតិសន្ដិសុខសង្គម ដើម្បីរៀបចំពិធីផ្សព្វផ្សាយនេះឡើង ដែលនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាចក្ខុវិស័យក្នុងការគិតគូរ ពីអត្ថប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងទៅថ្មីៗនេះ សម្ដេចតេជោ បានយកចិត្តទុកដាក់ ដើម្បីដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ដ្រីរាជការស៊ីវិល និងកងទ័ពចូលនិវត្តន៍ជាបន្តបន្ទាប់។ មកដល់ពេលនេះ សម្តេចតេជោ បានបន្តជួយដល់ពលរដ្ឋ ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ពិសេសនៅពេលពលរដ្ឋ មានវ័យចំណាស់ ឱ្យទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រ៉ឺត្រែត)ដែរ នេះជាការគិតគូយកទុកចិត្តខ្ពស់ ដែលពុំអាចកាត់ថ្លៃបាន ពីសំណាក់ស្ថាបនិកសន្ដិភាពរបស់យើង។
ក្នុងឱកាសនោះដែរ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏ល្អមួយនេះ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេឡាជាតិសន្តិសុខសង្គម ដែលជាប្រតិបត្តិករមួយដ៏សំខាន់ ក្នុងការអនុវត្តរបបសន្តិសុខសង្គម នៅកម្ពុជា ជាពិសេសបម្រើសេវា ជូនសមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាមួយគ្នានេះ លោកអភិបាល ក៏បានអំពាវនាវ ទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្ត នៃទឹកដីខេត្តមណ្ឌលគិរី ក៏ដូចជាបងប្អូនទូទាំងប្រទេស ត្រូវចូលរួមក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ស្របទៅតាមការដាក់ចេញ របស់រាជរដ្ឋាភិបាលកម្ពុជា៕