ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ លើកទឹកចិត្តមន្ដ្រីក្រោមឱវាទ ត្រូវបំពេញការងារ ឱ្យកាន់តែសកម្ម (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តមន្ដ្រីក្រោមឱវាទ ទើបទទួលការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្ម ដើម្បីនាំយកប្រយោជន៍ និងភាពរីកចម្រើនជូនជាតិមាតុភូមិ។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់ ក្រសួងសាធារណការ នាថ្ងៃទី៧ កញ្ញា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក បញ្ជាក់ថា «ផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ ដើម្បីនាំយកប្រយោជន៍ និងភាពរីកចម្រើនជូនជាតិមាតុភូមិ»។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងសិក្សាសេវាដឹកជញ្ជូនសាធារណៈ សំខាន់ៗ រួមមាន៖ គម្រោងរថភ្លើងAGT(ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ ) គម្រោងរថភ្លើងលើអាកាស (Monorail) និងគម្រោងរថភ្លើងក្រោមដី(Subway) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងគម្រោងសិក្សាលើការធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីប្រែក្លាយឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា៕

To Top