ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានបញ្ចប់ និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម លោកឃួង ស្រេង និងភាគីវៀតណាមបានប្រកាសបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីស្មោះត្រង់ ទុកចិត្តគ្នា ប្រកបដោយទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។
ភាគីទាំងពីរក៏បានលើកឡើង ពីគោលបំណងបង្កើនទស្សនកិច្ចយុវជន ដេីម្បីផ្លាស់ប្តូរ បទពិសោធន៍ លើការងារអភិវឌ្ឍន៍ទីក្រុង សម្រាប់អ្នកបន្តវេន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
សូមរំលឹកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២៕